ក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខមួយនៅលើពិភពលោក គ្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦ ដើម្បីផ្តល់ជាវេទិកាអន្តរជាតិមួយ សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។

ព័ត៌មានអំពីគម្រោងនៃការរៀបចំពិព័រណ៍នេះ គឺនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយតំណាងក្រុមហ៊ុន Informa Markets ដឹកនាំដោយលោក Gerard Leeuwenburgh ប្រធានតំបន់ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា។

នៅក្នុងជំនួបនេះ លោក Leeuwenburgh បានបង្ហាញអំពីគម្រោងរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជាឆ្នាំ២០២៦ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលនឹងផ្តល់ជាវេទិកាអន្តរជាតិដំបូងបង្អស់នៅកម្ពុជា សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។
លោក Leeuwenburgh បានបន្ថែមថា ក្រុមហ៊ុនរបស់លោក មានបំណងវិនិយោគរយៈពេលវែងនៅកម្ពុជា និងផ្សារភ្ជាប់គោលនយោបាយរាជរដ្ឋាភិបាល ជាមួយនឹងធុរកិច្ចតាមរយៈពិព័រណ៍នេះ។ ជាមួយគ្នានេះ លោក ក៏បានស្នើសុំការគាំទ្រពីក្រសួង ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាអន្តរជាតិមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។

ចំណែកឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយលើកឡើងថា ពិព័រណ៍នេះ ស្របនឹងរបៀបវារៈជំរុញការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា។ ឯកឧត្តម បានបន្ថែមថា ក្រសួងគាំទ្រគ្រប់វេទិកា ដែលជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងបង្កើនភាពប្រកួតប្រជែង ក្នុងការនាំចេញនៃឧស្សាហកម្មកែច្នៃអាហារ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បញ្ចូលបច្ចេកវិទ្យាវេចខ្ចប់ និងដំណោះស្រាយ ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ផលិតករក្នុងស្រុក ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ភាគីទាំងពីរ បានឯកភាពបន្តកិច្ចសហការសម្របសម្រួល និងកៀរគរការចូលរួមរបស់វិស័យឯកជន ដើម្បីធានាថា ព្រឹត្តិការណ៍នេះ នឹងរួមចំណែកសំខាន់ដល់បរិវត្តកម្មឧស្សាហកម្មអាហាររបស់កម្ពុជា។
គួរឱ្យដឹងថា ក្រុមហ៊ុន Informa Markets គឺជាផ្នែកមួយនៃ Informa PLC ដែលជាក្រុមហ៊ុនរៀប ចំពិព័រណ៍ឈានមុខមួយលើពិភពលោក ដោយមានបុគ្គលិករាប់ពាន់នាក់ និងមានប្រតិបត្តិការពិព័រណ៍ជាមួយក្រុមហ៊ុន និងម៉ាកយីហោអន្តរជាតិជាច្រើន៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងឧស្សាហកម្ម


