ម្រេច និងស្ករត្នោតរបស់ក្រុមហ៊ុន Confirel មានដាក់លក់នៅផ្សារទំនើប AEON ជាង ១០០នៅជប៉ុន

ផលិតផលខ្មែរ ២មុខ គឺម្រេច និងស្ករត្នោតរបស់ក្រុមហ៊ុន Confirel ដែលមានឧកញ៉ា ហៃ លីអ៊ាង ជាអគ្គនាយកក្រុមហ៊ុន ត្រូវបានដាក់លក់នៅផ្សារទំនើប AEON ប្រមាណជា ១០០ហាង នៅក្នុងប្រទេសជប៉ុន។​ នេះបើតាមការឱ្យដឹងពីក្រសួងពាណិជ្ជកម្មកម្ពុជា។​

តាមដានជាមួយយើង៖ Million Times

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈថា លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្របសម្រួល និងចូលរួមគាំទ្រការចូលរួមរបស់ក្រុមហ៊ុន Yamato Printing Group, ក្រុមហ៊ុន Cambodia Life និងក្រុមហ៊ុន Confirel Co., Ltd. ក្នុងពិព័រណ៍ពាណិជ្ជកម្ម “The 60th Supermarket Trade Show 2026 (SMTS2026)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិព័រណ៍ Makuhari Messe ខេត្តឈិបាក់ ប្រទេសជប៉ុន។

ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មធំបំផុតមួយរបស់ប្រទេសជប៉ុន សម្រាប់ឧស្សាហកម្មចែកចាយលក់ដុំ និងលក់រាយ ដោយផ្តោតលើម្ហូបអាហារ ភេសជ្ជៈ ការអភិវឌ្ឍហាង និងការផ្សព្វផ្សាយការលក់ ដែលមានការចូលរួមពីបណ្តាប្រទេសចំនួន១៥ រួមទាំងកម្ពុជា ជាមួយនឹងស្តង់ប្រមាណជាង ៣,០០០ និងអ្នកតាំងពិព័រណ៍សរុបជិត ២,៣០០ក្រុមហ៊ុន ចូលរួមតាំងបង្ហាញនូវផលិតផលរបស់ខ្លួន ដើម្បីបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច ជំរុញទីផ្សារផលិតផល និងស្វែងរកដៃគូពាណិជ្ជកម្ម នៅក្នុងប្រទេសជប៉ុន។

បើតាមក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ក្រុមហ៊ុន Yamato Printing Group និងក្រុមហ៊ុន Cambodia Life សហការជាមួយដៃគូក្រុមហ៊ុន Confirel បានរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ ដោយផ្តោតជាពិសេសលើផលិតផលដែលមានគុណភាពខ្ពស់ រួមមាន៖ ម្រេច ស្ករត្នោត និងកាហ្វេ។

នៅក្នុងឱកាសនោះដែរ លោកអនុព័ន្ធពាណិជ្ជកម្ម បានសម្របសម្រួលឱ្យមានជំនួបផ្គូផ្គងពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំង ៣ ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូហ្គិ ដើម្បីពីភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគ ក្នុងទិសដៅរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ និងពង្រីកទីផ្សារផលិតផលខ្មែរបន្ថែមទៀត នៅក្នុងប្រទេសជប៉ុន។

ក្រសួងពាណិជ្ជកម្ម ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនជប៉ុន Yamato Printing Group និងក្រុមហ៊ុន Cambodia Life បាននាំយកផលិតផលខ្មែរចំនួន ២មុខ គឺម្រេច និងស្ករត្នោត ដែលជាផលិតផលរបស់ក្រុមហ៊ុន Confirel មកផ្សព្វផ្សាយ និងចែកចាយលក់នៅក្នុងប្រទេសជប៉ុន តាំងពីឆ្នាំ២០១៨។ ក្នុងនោះដែរ ក្រុមហ៊ុនទាំង ២ ក៏មានគម្រោងនាំយកផលិតផលខ្មែរជាច្រើនទៀត ជាពិសេសកាហ្វេ ស្រាទឹកត្នោត និងគ្រឿងទេសផ្សំម្ហូបខ្មែរ ទៅចែកចាយលក់នៅប្រទេសជប៉ុន។

ក្រសួងពាណិជ្ជកម្មដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ផលិតផលទាំង ២មុខខាងលើ គឺម្រេច និងស្ករត្នោត មានដាក់លក់នៅផ្សារទំនើប AEON ប្រមាណ ១២០ហាង ក្នុងប្រទេស​ជប៉ុន ដោយក្នុងនោះមាន ៤០ទីតាំង នៅក្នុងទីក្រុងតូក្យូ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម