មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ចំពោះក្រុមហ៊ុនអគ្គិសនីបារាំង (EDF) ដែលមានបំណងវិនិយោគលើគម្រោងវារីអគ្គិសនីដ៏ធំមួយទំហំ ៨០០មេហ្កាវ៉ាត់នៅកម្ពុជា ដែលត្រូវចំណាយទុនវិនិយោគជាង ១ ២០០លានដុល្លារអាមរិក។

ការស្វាគមន៍យ៉ាងដូច្នេះ ស្របពេលដែលឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនអគ្គិសនីបារាំង (EDF) ដែលដឹកនាំដោយលោកស្រី Marie Buscail ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក Erkki Maillard អនុប្រធានជាន់ខ្ពស់ទទួលបន្ទុករដ្ឋាភិបាល និងកិច្ចការអន្តរជាតិនៃក្រុមហ៊ុន EDF។

ក្នុងជំនួបនេះ ឯកឧត្តម វង្សី វិស្សុត បានស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន EDF ដែលមានបំណងវិនិយោគគម្រោងវារីអគ្គិសនីដ៏ធំមួយទំហំ ៨០០ មេហ្កាវ៉ាត់នៅកម្ពុជា។ ឯកឧត្តម បានបន្តថា ទីស្តីការគណៈរដ្ឋមន្រ្តីរីករាយផ្តល់កិច្ចសម្របសម្រួល តាមដែលអាចធ្វើទៅបានក្នុងមុខងាររបស់ខ្លួន ដើម្បីភាពជោគជ័យនៃគម្រោងវិនិយោគដែលត្រូវចំណាយទុនធំរហូតដល់ជាង ១ ២០០លានដុល្លារអាមរិក ព្រោះគម្រោងវិនិយោគនេះ គឺជានិមិត្តរូបសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-បារំាង។

ឯកឧត្ដម រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ថាមពលបានក្លាយជាបញ្ហាសន្តិសុខជាតិ ជាពិសេសនៅក្នុងបរិបទនៃការវិវត្តនៃភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។ ដូច្នេះ ការធានាការផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងមានស្ថិរភាព គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចំណែកលោកស្រី Marie Buscail បានគូសបញ្ជាក់ពីការគាំទ្ររបស់រដ្ឋាភិបាលបារាំង ចំពោះការវិនិយោគរបស់ក្រុមហ៊ុន EDF ក្នុងវិស័យថាមពលនៅកម្ពុជា។ រីឯលោក Erkki Maillard ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន EDF ក្នុងការកសាងភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា ជាជាងការផ្តល់ត្រឹមតែឧបករណ៍ ឬបច្ចេកវិទ្យា និងបានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ ដូចជាវារីអគ្គិសនី ត្រូវដំណើរការជាច្រើនទសវត្សរ៍ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំមួយ។
លោកបានបន្តថា ក្រុមហ៊ុន EDF ប្រកាន់ខ្ជាប់ចំពោះស្តង់ដាអន្តរជាតិខ្ពស់បំផុត ទាក់ទិននឹងបញ្ហាសុវត្ថិភាព និងសន្តិសុខប្រតិបត្តិការ, ការការពារបរិស្ថាន និងសង្គម, អភិបាលកិច្ច និងអនុលោមភាព, និងឧត្តមភាពបច្ចេកទេស៕
អត្ថបទ៖ វីរៈ រូបភាព៖ ទីស្ដីការគណៈរដ្ឋមន្ត្រី


