ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី ការជំរុញពាណិជ្ជកម្ម និងប្រកាសរួម ស្តីពី កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន។

ការចុះហត្ថលេខានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ជែម កាម៉ាល់ ខាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ នាថ្ងៃទី១១ ខែកុម្ភៈ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អ លើកិច្ចសហប្រតិបត្តិការតាមវិស័យ ដែលមានសក្តានុពល និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញ និងការបើកច្រកទីផ្សារបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន ឱ្យកាន់តែរីកចម្រើន។

បន្ថែមពីនេះទៀត ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចការបន្ត ដូចជាការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាតាមវិស័យមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចសប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការទទួលបានឧត្តមភាពនៃប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ កំណត់ហេតុកិច្ចប្រជុំ សេចក្តីប្រកាសរួម ស្តីពី កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន និងអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញពាណិជ្ជកម្ម៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងពាណិជ្ជកម្ម


