ទីផ្សារប្រទេសវៀតណាម មានតម្រូវការខ្ពស់សម្រាប់ការនាំចូលដំឡូងមីស្ងួតពីប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម។

ការបញ្ជាក់នេះ ស្របពេលដែលអនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជា កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំការងារជាមួយតំណាងក្រុមហ៊ុន AZ Group កម្ពុជា ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ដំឡូងមីស្ងួតរបស់កម្ពុជា សម្រាប់នាំចូលទីផ្សារវៀតណាម និងសម្រាប់ទីផ្សារអន្តរជាតិ។

នៅក្នុងឱកាសនោះ តំណាងក្រុមហ៊ុន AZ Group បានបង្ហាញពីគោលបំណង និងគោលការណ៍សាជីវកម្មរបស់ខ្លួន ដោយផ្តោតលើការនាំចេញផលិតផលកសិកម្មពីប្រទេសកម្ពុជា ជាពិសេសដំឡូងមីស្ងួត សម្រាប់នាំចូលទីផ្សារវៀតណាម និងសម្រាប់ទីផ្សារអន្តរជាតិ និងលើការកំណត់ដៃគូសមស្របសម្រាប់កិច្ចសហការរយៈពេលវែង។

ចំណែកឯអនុព័ន្ធពាណិជ្ជកម្ម ក៏បានជម្រាបជូនក្រុមហ៊ុន AZ Group កម្ពុជា ផងដែរថា ទីផ្សារវៀតណាមមានតម្រូវការខ្ពស់សម្រាប់ការនាំចូលដំឡូងមីស្ងួតពីកម្ពុជា ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារវៀតណាមក្នុងស្រុក និងទីផ្សារអន្តរជាតិ។

បន្ថែមពីលើនេះ អនុព័ន្ធពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា ក្រុមហ៊ុននាំចូល ក៏ត្រូវបានណែនាំឲ្យគោរពយ៉ាងតឹងរ៉ឹង តាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម ទាក់ទងនឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហាររុក្ខជាតិ និងការត្រួតពិនិត្យសុវត្ថិភាព នៃផលិតផលដើមកំណើតពីរុក្ខជាតិដែលនាំចូល ស្របតាមច្បាប់ និងបទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាលវៀតណាម។
បើតាមអនុព័ន្ធពាណិជ្ជកម្ម បទប្បញ្ញត្តិទាំងនេះត្រូវបានគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១៥ និង ១៦ ខែមេសា ឆ្នាំ ២០២៦៕
អត្ថបទ៖ វីរៈ រូបភាព៖ អនុព័ន្ធពាណិជ្ជកម្ម


