មន្ត្រីជាន់ខ្ពស់ លើកឡើងពីមហិច្ឆតារបស់កម្ពុជា ក្នុងការត្រៀមខ្លួនចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP

ប្រទេសកម្ពុជា មានមហិច្ឆតាត្រៀមខ្លួនចូលជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាទីផ្សារកម្រិតស្តង់ដារខ្ពស់បំផុតមួយក្នុងលោក។ នេះជាការលើកឡើងរបស់ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម នៅក្នុងបាឋកថាប្រធានបទ “កិច្ចព្រមព្រៀងកម្ពុជា-សហរដ្ឋអាមេរិក ស្តីពីការកំណត់ពន្ធគយទៅវិញទៅមក” កាលពីថ្ងៃទី៣ ខែកុម្ភៈ នៅវិមានរដ្ឋសភា។

តាមដានជាមួយយើង៖ Million Times

នៅក្នុងកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានវិភាគយ៉ាងស៊ីជម្រៅ និងច្បាស់លាស់ ដោយផ្អែកលើសូចនករថ្មីៗ នៃរដ្ឋបាលអាណត្តិទីពីរ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាពិសេសគោលនយោបាយ “America First” ដែលផ្ដោតលើការអនុវត្តពន្ធបដិការ។ ឯកឧត្តម បានលើកឡើងថា កិច្ចព្រមព្រៀង ស្តីពីការកំណត់ពន្ធគយទៅវិញទៅមកនេះ មិនត្រឹមតែផ្ដល់នូវកាលានុវត្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យកម្ពុជាត្រូវគិតគូរឱ្យបានហ្មត់ចត់ចំពោះបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងផងដែរ។

ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកនូវយុទ្ធសាស្ត្រពិពិធកម្មទីផ្សារ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើទីផ្សារតែមួយ ឬពីរ។ ក្នុងនោះ ឯកឧត្តមបានលើកឡើងពីមហិច្ឆតារបស់កម្ពុជា ក្នុងការត្រៀមខ្លួនចូលជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP ដែលជាទីផ្សារកម្រិតស្តង់ដារខ្ពស់បំផុតមួយក្នុងលោក ដើម្បីទាក់ទាញវិនិយោគទុនខ្នាតយក្សពីបរទេស ដែលនឹងចូលរួមចំណែកបង្កើនកិត្តិនាម និងកសាងទំនុកចិត្តលើឆាកអន្តរជាតិមកលើកម្ពុជា។

ឈរលើចន្លោះនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការសម្រេចចិត្តដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាលក្នុង ការរក្សាតុល្យភាពអំណាច ដោយប្រកាន់ខ្ជាប់នយោបាយ “មិត្តច្រើន ខ្មាំងសូន្យ” ដោយរាជរដ្ឋាភិបាលកម្ពុជានូវបន្តចាត់ទុកចិន​ជាបង្អែកយុទ្ធសាស្ត្រ​ដ៏សំខាន់​លើខ្សែច្រវាក់​ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្ទាល់ គ្រាដែលសហរដ្ឋអាមេរិកក៏ជាមិត្តរបស់កម្ពុជា ដែលជាទីផ្សារនាំចេញសក្ដានុពល ដែលកម្ពុជាត្រូវរក្សានិរន្តរភាពតាមរយៈ​ការ​ចរចាប្រកបដោយវិជ្ជាជីវៈ និងភាពឆ្លាតវៃដូចគ្នាដែរ។

ឯកឧត្តម សុក ស៊ីផាន់ណា បានផ្ដល់តម្លៃខ្ពស់លើការកែទម្រង់ផ្ទៃក្នុង និងការកសាងកិត្តិនាមជាតិ ដោយប្រើប្រាស់ឥទ្ធិពលចិត្តសាស្ត្រ ដើម្បីទាក់ទាញវិនិយោគិន តាមរយៈការកែទម្រង់ស៊ីជម្រៅ, ការពង្រឹងប្រព័ន្ធច្បាប់ដោយធានាឱ្យបាននូវតម្លាភាព ដើម្បីកសាងម៉ាកសញ្ញាជាតិ គ្រាដែលភាពស្មោះត្រង់ក្នុងពាណិជ្ជកម្មក៏បានបង្ហាញរូបភាពកម្ពុជាជាប្រទេសគោរពច្បាប់ ដែលនឹងក្លាយជា “ជម្រកវិនិយោគដ៏មានសុវត្ថិភាព” សម្រាប់ក្រុមហ៊ុនលំដាប់ពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ក៏បានបញ្ជូនសារយ៉ាងច្បាស់ថា “ការកែទម្រង់ផ្ទៃក្នុងគឺជាគ្រឹះ ហើយការទូតសេដ្ឋកិច្ចបត់បែនគឺជាដំបូល”។ កម្ពុជានាពេលបច្ចុប្បន្ន មិនមែនគ្រាន់តែជាប្រទេសរង់ចាំទទួលជំនួយនោះទេ ប៉ុន្តែគឺជា “ដៃគូយុទ្ធសាស្ត្រ” ដែលមានតម្លៃ និងមានសមត្ថភាពឈរជើងយ៉ាងរឹងមាំក្នុងតុល្យភាពអំណាចសកល ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងមូល៕

អត្ថបទ៖ វីរៈ រូបភាព៖ រដ្ឋសភា