អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គ្រោងដាក់ដំណើរការសាកល្បងរោងចក្រកែច្នៃផលិតជីធម្មជាតិ ដែលមានសមត្ថភាពផលិតបានប្រមាណ ១០០តោន ក្នុងមួយថ្ងៃ។

កាលពីថ្ងៃទី២២ ខែមករា អ្នកឧកញ៉ា ម៉ុង ឫទ្ធី រួមដំណើរជាមួយភាគីចិនដែលជាម្ចាស់ទំនិញ បានចុះមកពិនិត្យមើលសកម្មភាពក្រុមការងារប្រគល់-ទទួលសម្ភារៈគ្រឿងចក្រឧបករណ៍រោងចក្រចំនួន ១១ទូកុងតេន័រ ៤០ហ្វិត សម្រាប់យកមកដំឡើងទៅជារោងចក្រកែច្នៃផលិតជីធម្មជាតិ នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ។

ក្នុងឱកាសនោះដែរ អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី បានចុះពិនិត្យ និងជំរុញឱ្យក្រុមជាងសាងសង់រោងចក្រឱ្យបានលឿន ធ្វើយ៉ាងណាឱ្យរោងចក្រនេះបានដំឡើង និងដំណើរការសាកល្បងនៅដើមខែកក្កដាឆ្នាំ ២០២៦ខាងមុខនេះ តាមគម្រោងផែនការជាកំណត់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងបន្ថែមថា រោងចក្រកែច្នៃផលិតជីធម្មជាតិនេះ បាននិងកំពុងសាងសង់លើផ្ទៃដី ៦៥,០០០ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិស្វាយដង្គុំ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយមានសមត្ថភាពផលិតបានប្រមាណ ១០០តោនក្នុងមួយថ្ងៃ។

រោងចក្រនេះ បានចាប់ផ្ដើមសាងសង់កាលពីដើមខែធ្នូ ឆ្នាំ២០២៥ និងអាចសាងសង់រួចរាល់ និងចាប់ផ្ដើមដំណើរការសាកល្បងនៅដើមខែកក្កដា ឆ្នាំ ២០២៦ខាងមុខនេះ។ រោងចក្រនេះ អាចទទួលយកបុគ្គលិក-កម្មករដោយផ្ទាល់ប្រមាណជាជា ១០០នាក់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា ការខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ដើម្បីសាង សង់រោងចក្រផលិតជីធម្មជាតិនេះឡើង គឺដើម្បីជួយចូលរួមចំណែកក្នុងការកាត់បន្ថយការនាំចូលជីមកពីបរទេស និងដើម្បីផលិតជីដែលមានគុណភាពខ្ពល់តម្លៃសមរម្យ៕
អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា ម៉ុង ឫទ្ធី


