ក្រុមហ៊ុន៣ ចុះកិច្ចព្រមព្រៀងលើគម្រោងផលិតកូនមាន់ និងចិញ្ចឹមមាន់យកសាច់ក្នុង១ឆ្នាំ ឱ្យបាន ២៥លានក្បាល

ក្រុមហ៊ុនចំនួន៣ បានចុះអនុស្សរណៈលើកិច្ចព្រមព្រៀងសម្រាប់គម្រោងផលិតកូនមាន់ និងចិញ្ចឹមមាន់យកសាច់ក្នុង១ឆ្នាំ ឱ្យបាន ២៥លានក្បាល នៅទូទាំង ២៥រាជធានី-ខេត្ត។ ពិធីនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុនទាំង៣ ដែលបានចុះអនុស្សរណៈលើគម្រោងផលិតកូនមាន់ និងចិញ្ចឹមមាន់យកសាច់ នៅទូទាំង២៥ រាជធានី-ខេត្តនេះ រួមមាន៖ ១. THOMLANG JAPAN CO., LTD. ២. ក្រុមហ៊ុន HALAL PARK CAMBODIA និង៣. ក្រុមហ៊ុន D.C.O.N. Development & Import Export Co., Ltd.។

កិច្ចព្រមព្រៀងអនុវត្តគម្រោងរួមគ្នារបស់ក្រុមហ៊ុនទាំង៣ មានគោលបំណងដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការជំរុញវិស័យកសិឧស្សាហកម្ម វិស័យសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងអាហារទូទាំងប្រទេសកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។

គម្រោងអាចនឹងជួយ ១.បង្កើនប្រាក់ចំណូលដល់បងប្អូនកសិករចិញ្ចឹមមាន់ ២. លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ៣. វិនិយោគទាប តែបានផលចំណេញច្រើន និង៤. លើកកម្ពស់អំណាចស្រ្តី។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ គណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានជំរុញ លើកទឹកចិត្ត និងគាំទ្រទៅដល់គម្រោងខ្សែច្រវ៉ាក់ផលិតកូនមាន់ និងការចិញ្ចឹមមាន់យកសាច់ចំនួន ២៥លានក្បាល នៅទូទាំង ២៥រាជធានី-ខេត្ត ក្នុង១ឆ្នាំៗ។

គួរបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងនេះ មានគោលដៅជំរុញឱ្យគ្រប់រាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេសកម្ពុជា ផលិតកូនមាន់ និងចិញ្ចឹមមាន់យកសាច់ឱ្យបាន ១លានក្បាល ក្នុង១ខេត្ត ហើយទីផ្សារដែលអាចស្រូបយកបាន គឺការនាំចេញសម្រាប់យកជាចំណីអាហារប្រភេទ Halal ដែលមានក្រុមហ៊ុន Halal Park Cambodia ជាអ្នករ៉ាប់រងប្រមូលទិញ៕

អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មការធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ