ក្រុមហ៊ុនមួយ ចាប់អារម្មណ៍វិនិយោគសណ្ឋាគារ, អាហារដ្ឋាន និងរោងចក្រកាត់ដេរ នៅខេត្តតាកែវ

ក្រុមហ៊ុនមកពីប្រទេសចិនមួយ បន្តចាប់អារម្មណ៍វិនិយោគនៅក្នុងភូមិសាស្រ្ដខេត្តតាកែវ ទៅលើសណ្ឋាគារ, អាហារដ្ឋាន និងរោងចក្រកាត់ដេរជាដើម។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅថ្ងៃទី២០​ ខែមករានេះ បានស្វាគមន៍វត្តមានរបស់លោក Jiang Jiahe នាយកក្រុមហ៊ុន Quanzhou Tianyuan Real Estate Company ដែលមានចំណាប់អារម្មណ៍អញ្ជើញដឹកនាំប្រតិភូមកទស្សនកិច្ចសិក្សាស្វែងយល់ អំពីសក្តានុពលវិនិយោគនៅលើទឹកដីខេត្តតាកែវ។

ឯកឧត្តម អភិបាលខេត្ត លើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្រ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។ គម្រោងវិនិយោគដែលមានស្រាប់ បាននិងកំពុងបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។

​ឯកឧត្ដម បានគូសបញ្ជាក់ពីមូលហេតុគន្លឹះ ដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ រដ្ឋបាលខេត្តតែងតែផ្ដល់ភាពងាយស្រួល និងជួយសម្របសម្រួលរាល់នីតិវិធីនានា ជូនដល់អ្នកវិនិយោគទុនគ្រប់រូប។

ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់បំផុត ក្រោយពីបានសិក្សាពីសក្ដានុពលដ៏អំណោយផលរបស់ខេត្តតាកែវ។ លោក បានបញ្ជាក់ថា ក្រុមហ៊ុនពិតជាមានបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ លើសពីនេះ ក្រុមហ៊ុនរបស់លោក នឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត។

បើតាមឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា ក្រុមហ៊ុននេះ មានចំណាប់អារម្មណ៍វិនិយោគទៅលើវិស័យដូចជា៖ សណ្ឋាគារ, អាហារដ្ឋាន, រោងចក្រដេរកាបូប, រោងចក្រដេរស្បែកជើង និងរោងចក្រដេរខោអាវជាដើម។

កាលពីឆ្នាំ ២០២៥កន្លងទៅនេះ ខេត្តតាកែវ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ទទួលបានគម្រោងបង្កើតរោងចក្រចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង ១២០ភាគរយ ហើយអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ ទទួលបានគម្រោងចំនួន ៥១ក្រុមហ៊ុន កើនឡើង ២៩២ភាគរយ៕


អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម វ៉ី សំណាង