អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានប្រកាសគាំទ្រម្ចាស់អាជីវកម្មខ្មែរដែលមានបំណងចង់ពង្រីកអាជីវកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការផ្ដល់កម្ចីដែលមានអត្រាការប្រាក់ទាបសមរម្យ ឯកសារមិនស្មុគស្មាញ និងផ្ដល់ការប្រឹក្សាយោបល់ច្បាស់លាស់។

តាមរយៈវីដេអូមួយ បង្ហោះនៅថ្ងៃទី១៩ ខែមករានេះថា អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា ក្នុងនាមលោក ជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង ពិតជាស្វាគមន៍យ៉ាងកក់ក្ដីចំពោះអាជីវករខ្មែរទាំងអស់ ដែលបានចូលរួមតាំងពិព័រណ៍នៅផ្សារទំនើប ជីប ម៉ុង ហើយក៏ប្រកាសគាំទ្រអាជីវកម្មខ្មែរទាំងអស់ តាមរយៈការផ្ដល់កម្ចីពង្រីកអាជីវកម្ម ដែលមានអត្រាការប្រាក់ទាបសមរម្យ។

អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមថា «ជាពិសេសក្នុងនាមខ្ញុំជាអគ្គនាយកធនាគារ ជីប ម៉ុង សូមគាំទ្រដល់អាជីវកម្មខ្មែរទាំងអស់ ធនាគារខ្មែរ គាំទ្រអាជីវកម្មខ្មែរ ជាពិសេសផ្ដល់កម្ចី Loan ដល់បងប្អូនខ្មែរដែលចង់ពង្រីកអាជីវកម្ម ហើយផ្ដល់តម្លៃមួយគឺល្អពិសេស ការប្រាក់ដែលពិសេសបំផុត»។
ម្ចាស់ធនាគារ ជីប ម៉ុង បានបន្តថា កន្លងមក ធនាគាររបស់លោក ក៏បានផ្ដល់កម្ចីដល់ប្រជាកសិករ ហើយក៏បានកំពុងតែបញ្ជូនក្រុមការងារទៅសហការជាមួយរោងម៉ាស៊ីននៅខេត្តបាត់ដំបង ហើយនិងធ្វើជាបន្តបន្ទាប់ទៀត។ លើសពីនេះទៀត ធនាគារ ជីប ម៉ុង ក៏បានសហការជាមួយក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តព្រះវិហារ ផងដែរ។
អ្នកឧកញ៉ា លាង ម៉េង បានគូសបញ្ជាក់ថា ក្នុងនាមជាធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរចង់ធ្វើយ៉ាងណាឱ្យអាជីវកម្មខ្មែរខ្លាំង និងរឹងមាំ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចទាំងអស់គ្នា ហើយលោកសង្ឃឹមថា ធនាគារ ជីប ម៉ុង នឹងបន្តបម្រើសេវាកម្មជូនអតិថិជនខ្មែររាប់រយឆ្នាំទៅខាងមុខទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារ ជីប ម៉ុង


