អ្នកឧកញ៉ា ម៉ុង ឬទ្ធី នឹងបង្កើន​ការ​ប្រមូល​ទិញ​កសិផល​ពីកសិករ​​ចន្លោះពី ​៤០ ទៅ៥០លាន​ដុល្លារ ក្នុងឆ្នាំ២០២៦នេះ

ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី នឹងបង្កើន​ការ​ប្រមូល​ទិញ​កសិផល​ពីប្រជា​កសិករ​​ចន្លោះពី ​៤០ ទៅ៥០លាន​ដុល្លារ ដើម្បី​​កែច្នៃ​ផលិតជា​ចំណីសត្វ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយក ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា បានដឹកនាំកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ដែល​សម្រេច​បាន​ឆ្នាំ២០២៥​ និងទិសដៅ​អភិវឌ្ឍន៍​បន្ត​សម្រាប់​ឆ្នាំ​២០២៦ លើការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ដាំដំណាំ​ និងចិញ្ចឹមសត្វ​ រោងចក្រ​កែច្នៃ​ចំណីសត្វ​ ស្ថិត​ក្រោម​ឱវាទ​របស់​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី ​គ្រុប​។

អ្នកឧកញ៉ា បានបញ្ជាក់ថា «សំខាន់បំផុតក្នុង​ឆ្នាំ២០២៦​នេះ​ ក្រុមហ៊ុន ​ត្រូវ​តែ​បង្កើន​ការ​ប្រមូល​ទិញ​កសិផល​ពី​កសិករ​ឱ្យបាន ក្នុង​កម្រិត​ចន្លោះពី៤០ ទៅ ៥០លាន​ដុល្លា​សហរដ្ឋអាមេរិក​ សម្រាប់​យកមក​ចូល​រោងចក្រ​កែច្នៃ​ផលិតជា​ចំណីសត្វ​»។

កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា តាំង​នាមអ្នកឧកញ៉ា​​ ជាអ្នកមាន​បទពិសោធ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​ កសិកម្ម​ កសិ-ឧស្សាហកម្ម​ អស់រយៈ​ពេល​ជាង​៣០ឆ្នាំ​កន្លមកហើយ​ រហូតមក​ដល់ពេល​បច្ចុប្បន្ន​នេះ ​ក៏នៅតែបន្ត​ប្រកប​មុខរបរ​នេះ​ដោយមិនបោះបង់​ បើទោះបីជា​ត្រូវ​ជួបឧបសគ្គ​តូចធំ​យ៉ាង​ណាក្ដី​ ចំពោះរឿង​កសិផល​ឡើងថ្លៃ​ចុះថ្លៃ​វាជារឿង​ធម្មតា​របស់​ពិភពលោក​នេះ​ទៅហើយ។

អ្នកឧកញ៉ា បានបន្ថែមថា គេមិន​អាច​ស្តី​បន្ទោសបង្អាប់​បង្ខូចកេរ្ដិ៍ឈ្មោះ​អ្នកណាបានទេ​ បើ​ចំពោះ​រាជរដ្ឋាភិបាល​ ចង់ឱ្យតែ​ប្រជាជន​លក់កសិផល​បាន​តម្លៃ​ថ្លៃទេ​ និយាយដោយឡែកជាបន្តបន្ទាប់​រហូតមកដល់ពេល​បច្ចុប្បន្ន​នេះ​ អ្នកឧកញ៉ា ​បានជួយ​ប្រមូលទិញ​កសិផល​ដូចជាពោត​ ដំឡូងមី​ កន្ទក់​ ចុង​អង្ករ​ ពេលខ្លះ​ជួយទិញ​ស្រូវស្រាល​ យកមកិន​ជា​សម្រូប​ពី​កសិករ​។

អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដដែល បានបន្ថែមថា ក្រុមហ៊ុនរបស់ខ្លួន ត្រូវចំណាយប្រមាណជាង ​៤០លាន​ដុល្លារ​អាមេរិក​ជារៀងរាល់ឆ្នាំ​ ដើម្បីប្រមូលទិញកសិផលសំខាន់ៗពីប្រជាកសិករ សម្រាប់​យកទៅ​ចូលរោងចក្រ​កែច្នៃ​ធ្វើ​ជា​ចំណី​សត្វ​ ដោយមាន​សាយឡូ ​និងឃ្លាំង​សម្រាប់ស្តុក​គ្រាប់​ធញ្ញជាតិ​ប្រមាណ​១០០ ០០០សែនតោន​៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី