ខេត្តកំពង់ធំ កំពុងទទួលបានគម្រោងវិនិយោគធំៗជាច្រើន រួមទាំងក្រុមហ៊ុនអាមេរិក CRL ដែលមានទុនវិនិយោគ ៥០០លានដុល្លារ

ខេត្តកំពង់ធំ ទទួលបានគម្រោងវិនិយោគធំៗជាច្រើន រួមទាំងគម្រោងវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាមេរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត ដែលមានទំហំទឹកប្រាក់វិនិយោគដល់ ៥០០លានដុល្លារ។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ដើម្បីប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០លានដុល្លារ។  

ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Charles River Laboratories – CRL ដែលបានសម្រេចចិត្តវិនិយោគក្នុងខេត្តកំពង់ធំ ដែលជាចំណុចកណ្តាល និងមានលក្ខណៈជាយុទ្ធសាស្រ្តនៅកម្ពុជា។

គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស, ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ, ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ, ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។ ដូចនេះគម្រោងវិនិយោគដ៏ធំនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ និយាយដោយឡែក និងនិយាយជារួមសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តម បានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ដូចជា៖ សួនឧស្សាហកម្មចន្ទី, សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាដើម គឺជាការបង្ហាញឱ្យឃើញថា ខេត្តកំពង់ធំកំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍៕

អត្ថបទ៖ វីរៈ រូបភាព៖ ទីស្ដីការគណៈរដ្ឋមន្ត្រី