គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដឹកនាំដោយឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ និងក្រុមហ៊ុនដៃគូ បានធ្វើដំណើរទស្សនកិច្ច និងពិភាក្សាលើលទ្ធភាពក្នុងការនាំចេញផលិតផលខ្មែរ ទៅប្រទេសកូរ៉េខាងត្បូង។

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានជួបពិភាក្សា និងស្វែងយល់ពីដំណើរការរបស់ក្រុមហ៊ុន YEJOONARA CO., LTD. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតចំណីអាហារដ៏ធំនៅអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ ក្រុមហ៊ុននាំចូលផលិតផលមកពីប្រទេសចំនួន៣ គឺវៀតណាម ឥណ្ឌូនេស៊ី និងប្រទេសថៃ មកចែកចាយ និងលក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ស្ថិតក្នុងបរិការណ៍នៃវិបត្តិជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទំនិញថៃត្រូវបានធ្វើពហិកាពីអ្នកប្រើប្រាស់ជនជាតិខ្មែរ ដែលភាគច្រើនជាពលករខ្មែរនៅកូរ៉េខាងត្បូង ដែលអាចជាឱកាសដ៏ល្អមួយអាចឱ្យផលិតផលរបស់ខ្មែរ អាចចូលមកដើម្បីបំពេញតម្រូវការក្នុងប្រទេសកូរ៉េខាងត្បូង។

ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រួមនិងក្រុមហ៊ុនដៃគូ D.con និង Barimex បាននាំយកផលិតផលខ្មែរមួយចំនួនយកមកបង្ហាញ និងណែនាំសម្រាប់ការនាំចូលមកទីផ្សារក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបន្ថែមនូវផលិតផលដែលមានស្រាប់មកពីបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

តំណាងក្រុមហ៊ុន YEJOONARA CO., LTD. មានសេចក្តីរីករាយ និងទទួលយក ប្រសិនបើផលិតផលខ្មែរ អាចមានលទ្ធភាពបំពេញគ្រប់តាមតម្រូវការ និងគុណភាពតាមស្តង់ដារ។

ក្នុងនោះដែរ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នឹងបន្តការសហការជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក និងក្រុមហ៊ុន YEJOONARA CO., LTD. ដើម្បីអាចនាំចេញផលិតផលខ្មែរមកប្រទេសកូរ៉េខាងត្បូង នាពេលអនាគត៕
អត្ថបទ៖ វីរៈ រូបភាព៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ


