គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការតាមផែនការ

គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការតាមការគ្រោងទុក ដែលនឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងសន្តិសុខថាមពលជាតិ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

តាមដានជាមួយយើង៖ Million Times

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ​នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅត្រួតពិនិត្យ ការដ្ឋានសាងសង់គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG នេះ នៅស្រុកបុទុមសាគរ ខេត្តកោះកុង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម កែវ រតនៈ បានឱ្យដឹងបែបនេះថា «គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់ជាប្រវត្តិសាស្ត្រ នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦ និង២០២៧ ដូចផែនការរបស់រាជរដ្ឋាភិបាល។ គម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការផ្តល់អគ្គិសនីបន្ថែម ពង្រឹងសន្តិសុខថាមពលជាតិ និងពង្រឹងស្ថិរភាពឱ្យបណ្តាញអគ្គិសនីកម្ពុជា»។

គូសបញ្ជាក់ថា គម្រោងអគ្គិសនីដើរដោយឧស្ម័ន LNG ៩០០មេហ្កាវ៉ាត់នេះ មានទីតាំងស្ថិតនៅក្នុងភូមិថ្ម និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាលើការវិនិយោគ ក្នុងទុនវិនិយោគជាង ១ពាន់ ៣រយលានដុល្លារ។

នៅពេលរោងចក្រអគ្គិសនីនេះដំណើរការ នឹងមានតួនាទីដូចជា៖ បង្កើនប្រភពអគ្គិសនីនិងជួយពង្រឹងសន្តិសុខថាមពលជាតិ, បង្កើនស្ថិរភាពរបស់បណ្តាញជាតិដោយជួយធ្វើជាបង្អែកឱ្យថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ហើយបំពេញការខ្វះខាតឱ្យថាមពលវារីអគ្គិសនីនៅខែប្រាំង និងបំភាយជាតិពុលទៅបរិយាកាសតិចជាងថាមពលដើរដោយធ្យូងថ្ម ក្នុងរយៈពេលអន្តរកាលថាមពលមុនឆ្នាំ២០៥០៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម កែវ រតនៈ