ឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៦៣០ មានទុនវិនិយោគប្រមាណ ១០ប៊ីលានដុល្លារ

ពេញមួយឆ្នាំ២០២៥ ប្រទេសកម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងបន្តថា គម្រោងវិនិយោគដែលមានទីតាំស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ២៤៣។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលបានចុះបញ្ជីគម្រោងវិនិយោគចំនួន៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ប៊ីលានដុល្លារអាមេរិក។

សមិទ្ធផលនេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្កើតកំណត់ត្រាថ្មី នៃការចុះបញ្ជីគម្រោងវិនិយោគម្តងរួចហើយ។

បន្ថែមពីលើគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន២២៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៦៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ១០៦ពាន់កន្លែង។

គម្រោងវិនិយោគទាំង ២២៨នេះ សុទ្ធសឹងតែជាការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងមានប្រភពទុនវិនិយោគមកពីប្រទេសចិនប្រមាណ ៧២៨លានដុល្លារអាមេរិក, ក្នុងស្រុកប្រមាណ ២២,៦លានដុល្លារ អាមេរិក, អូស្ត្រាលីប្រមាណ ៥លានដុល្លារអាមេរិក, សិង្ហបុរីប្រមាណ ៣,៤លានដុល្លារអាមេរិក, សហរដ្ឋ អាមេរិកប្រមាណ ១,៥លានដុល្លារអាមេរិក, ម៉ាឡេស៊ីប្រមាណ ១លានដុល្លារអាមេរិក និងជប៉ុនប្រមាណ ៦១ម៉ឺនដុល្លារអាមេរិក៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា