ពេញមួយឆ្នាំ២០២៥កន្លងទៅនេះ ប្រទេសកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១លានតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ កើនឡើង ២៧ភាគរយ។ នេះបើយោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា (សសក) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងបន្តថា រយៈពេល ១២ខែ ក្នុងឆ្នាំ ២០២៥នេះ ទិន្នផលគ្រាប់ស្វាយចន្ទីសម្រេចបានប្រមាណ ១ ០២០ ៧៥៧តោន ហើយក្នុងនោះ ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០០០ ៧៥៧តោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កើតចំណូលបានប្រមាណ ១,៥ ពាន់លានដុល្លារ ដែលជាការកើនឡើង ២៧ ភាគរយ បើធៀបនឹងឆ្នាំមុន។

លទ្ធផលដ៏ល្អនេះ កើតមានឡើងទោះបីជាមានការរអាក់រអួលខ្លាំង ទាក់ទងនឹងអាកាសធាតុកាលពីដើមឆ្នាំ ២០២៥ ក៏ដោយ។ កាលពីខែមីនា លក្ខខណ្ឌអាកាសធាតុអាក្រក់ បានជះឥទ្ធិពលអវិជ្ជមានដល់ការប្រមូលផល ដែលជំរុញឱ្យអ្នកជំនាញ និងតំណាងឧស្សាហកម្ម ព្រមានពីការធ្លាក់ចុះនៃទិន្នផលស្វាយចន្ទី។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានចាប់ផ្តើមប្រសើរឡើងវិញនៅក្នុងខែមេសា បន្ទាប់ពីសមាគមស្វាយចន្ទីកម្ពុជា (សសក) បានដាក់ចេញនូវវិធានការសម្របខ្លួននឹងអាកាសធាតុ។ លទ្ធផលវិជ្ជមានបានបន្តរហូតដល់ខែឧសភា និងមិថុនា នៅពេលដែលលក្ខខណ្ឌអាកាសធាតុមានស្ថិរភាព ដែលអនុញ្ញាតឱ្យផលិតកម្មស្វាយចន្ទីងើបឡើងវិញ និងលើសពីការរំពឹងទុកកាលពីដំបូង។
ទិន្នផលចុងក្រោយនេះ ហាក់ដូចជាផ្ទុយពីការព្រួយបារម្ភដំបូងដែលលើកឡើងដោយ សសក បើទោះបីជា សសក បានប្រឹងប្រែងក្នុងរយៈពេល ៣ឆ្នាំកន្លងមក ដើម្បីជំរុញវិធីសាស្ត្រកសិកម្មសរីរាង្គ និងភាពធន់នឹងអាកាសធាតុ ដើម្បីជួយកសិករសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏ដោយ។

ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៥មក សសក បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៤០វគ្គ ដោយមានកសិករចូលរួមជាង ៨ ៤០០នាក់ មកពី ១០ខេត្ត។ លោក អួន ស៊ីឡុត ប្រធាន សសក មានប្រសាសន៍ថា «គោលបំណងរបស់យើង គឺផ្តល់អំណាចដល់កសិករនូវបច្ចេកទេសពិតប្រាកដ ដែលអាចជួយឱ្យពួកគេរកចំណូលបានកាន់តែច្រើនពីដីចំម្ការរបស់ពួកគាត់»៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម


