ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង បាននាំចូលក្បាលម៉ាស៊ីនរថភ្លើង ៣គ្រឿងបន្ថែមទៀតពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពបម្រើសេវាកម្មឱ្យកាន់តែល្អប្រសើរឡើង។ នេះបើតាមការប្រកាសឱ្យដឹងពីក្រុមហ៊ុនដែលផ្តល់សេវាដឹកជញ្ជូនផ្លូវដែកតែមួយគត់នៅកម្ពុជា។

រ៉ូយ៉ាល់ រេលវេ បានឱ្យដឹងថា ក្បាលម៉ាស៊ីនទាំងនេះបានមកដល់ និងដាក់ចុះពីកាប៉ាល់ដោយជោគជ័យនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ហើយការនាំចូលបន្ថែមនេះ នឹងជួយជាផ្នែកមួយយ៉ាងធំដើម្បីជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ក្រុមហ៊ុន ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូន និងសេវាកម្មអ្នកដំណើរដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្មទូទាំងប្រទេស។

បើតាមក្រុមហ៊ុននេះ មុននឹងដាក់ឱ្យដំណើរការសេវាកម្ម ក្បាលម៉ាស៊ីនទាំងនេះចាំបាច់ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងជាក់លាក់ និងល្អិតល្អន់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដើម្បីធានាជូននូវសុវត្ថិភាព និងប្រសិទ្ធភាពមុននឹងបម្រើសេវាកម្មជូនដល់អតិថិជន។

ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានអះអាងថា ខ្លួនមានចក្ខុវិស័យខ្ពស់ក្នុងការធ្វើទំនើបកម្មជាច្រើនទៀត ដើម្បីផ្តល់ជូននូវការកែលម្អគុណភាពសេវាកម្ម និងដើម្បីជួយជំរុញដល់ការអភិវឌ្ឍរចនាសម្ពន្ធ័កំណើនសេដ្ឋកិច្ចនៃវិស័យដឹកជញ្ជូនរបស់កម្ពុជា ព្រមទាំងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ឱ្យកាន់តែប្រសើរឡើងនាពេលអនាគត។

បន្ថែមលើនេះ រ៉ូយ៉ាល់ រេលវេ ក៏បានអំណរគុណដល់អតិថិជនទាំងអស់ ក៏ដូចជាដៃគូសហការ និងកិច្ចសហប្រតិបត្តិការ ដែលតែងតែជឿជាក់គាំទ្រសេវាកម្មរបស់ខ្លួន ហើយក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មឱ្យកាន់តែល្អ ជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ រ៉ូយ៉ាល់ រេលវេ


