ឧកញ៉ា កែវ មុំ ធ្វើដំណើរទៅចិនពិនិត្យមើលម៉ាស៊ីនកែច្នែផលិតផលខ្មែរ មុនដឹកមកម្ពុជា

ឧកញ៉ា កែវ មុំ ប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន​ លីលី ហ្វ៊ូដ នៅថ្ងៃទី៣០​ ខែធ្នូនេះ បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីពិនិត្យមើលម៉ាស៊ីនដែលក្រុមហ៊ុនលោកស្រី បានកម្ម៉ង់គេធ្វើរួចរាល់ ដែលគ្រោងដឹកមកប្រទេសកម្ពុជា សម្រាប់កែច្នែផលិតផលក្នុងស្រុក។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា កែវ មុំ បានបង្ហោះនៅលើហ្វេសប៊ុកថា «ព្រោះតែការឈឺចាប់ដោយសារការមើលងាយខ្មែរថា “ខ្មែរធ្វើអ្វីមិនកើត” ពឹងតែការនាំចូល ដូច្នេះហើយទោះជាលំបាកយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែធ្វើឱ្យបាន ដូចពាក្យស្លោកថា “ខ្មែរធ្វើបាន” មិនឱ្យគេមើលងាយទៀតទេ»។

មេធំក្រុមហ៊ុន លីលី ហ៊្វូដ រូបនេះ ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកស្រី បាននិងកំពុងតែបន្តការសាងសង់រោងចក្រផលិត នូវផលិតផល ២ប្រភេទទៀត ដែលនឹងចេញរូបរាងនៅឆ្នាំក្រោយនេះ។

លោកស្រី បានអំពាវនាវដល់ប្រជាជនខ្មែរ ជួយគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរសុទ្ធសាធ ហើយក៏បានលើកទឹកចិត្តដល់អ្នក ដែលនាំចូលផលិតផលប្រទេសថៃ គួរតែងាកមកគិតការផលិតនៅក្នុងស្រុកវិញ ដើម្បីជួយលើកតម្កើងភាពថ្លៃថ្នូររបស់ជាតិខ្មែរ។   

ម្ចាស់ក្រុមហ៊ុនលីលី ក៏បានលើកឡើងថា «បើបងប្អូនមិនមានជំនាញផលិត បងប្អូនអាចនាំចូលផលិតផលប្រទេសផ្សេងជាច្រើន មកជំនួសផលិតផលផ្ទះលេខ ២វិញ ដោយសរសេរអក្សរខ្មែរ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ»។

ម្យ៉ាងទៀត ការធ្វើដូច្នេះក៏ងាយស្រួលដល់ប្រជាជនខ្មែរ បានយល់នូវផលិតផលនោះផងដែរ ហើយដាក់ទីតាំងប្រទេសផលិតឱ្យបានច្បាស់លាស់ កុំឱ្យមានការភាន់ច្រឡំ។ ឧកញ៉ា កែវ មុំ លើកឡើងទៀតថា បើផលិតនៅប្រទេសណា សូមដាក់ផលិតនៅប្រទេសនោះ ដើម្បីរក្សានូវភាពថ្លៃថ្នូររបស់អ្នកនាំចូល និងអ្នកផលិត៕

អត្ថបទ៖ វីរៈ​ រូបភាព៖ ឧកញ៉ា កែវ មុំ