សហគ្រិនកម្ពុជា បានជួបពិភាក្សាជាមួយធុរកិច្ចចិន ក្នុងគោលបំណងពង្រឹងទំនាក់ទំនងអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតឱកាសវិនិយោគថ្មីៗ។

ជំនួបនេះធ្វើឡើងដោយថ្នាក់ដឹកនាំ និងសមាជិក-សមាជិការបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលដឹកនាំដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd. បានចូលរួមកិច្ចពិភាក្សា ស្តីពី ឱកាស និងកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងកម្ពុជា-ចិន ជាមួយធុរកិច្ចចិនដែលដឹកនាំដោយលោក Wang Qi អគ្គលេខាធិការរងនៃ China Young Entrepreneurs Association កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់ជំនួបនេះ ក៏បានធ្វើឡើងក្នុងព្រឹត្តិការណ៍មហាស្រពមិត្តភាពកម្ពុជា-ចិនលើកទី២ ឆ្នាំ២០២៥ ហើយកិច្ចពិភាក្សានេះ មានគោលបំណងពង្រឹងទំនាក់ទំនងអាជីវកម្ម និងបង្កើតកិច្ចសហប្រតិបត្តិការដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតឱកាសវិនិយោគថ្មីៗសម្រាប់សហគ្រិនកម្ពុជា-ចិន។

ឧកញ៉ា ប៉ិច បូឡែន បានឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកថា តាមរយៈកិច្ចពិភាក្សានេះ សមាគមទាំងពីរ បានចែករំលែកអំពីសកម្មភាព និងបទពិសោធន៍កន្លងមក ព្រមទាំងបង្ហាញពីចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដោយផ្តោតលើការពង្រឹងបណ្តាញទំនាក់ទំនងអាជីវកម្ម ការផ្លាស់ប្តូរចំណេះដឹង និងការអភិវឌ្ឍវិស័យធុរកិច្ចក្នុងតំបន់។

លោក បានឱ្យដឹងបន្តថា សមាគមទាំងពីរ ក៏បានឃើញពីភាពស៊ីសង្វាក់ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕
អត្ថបទ៖ វីរៈ រូបភាព៖ ឧកញ៉ា ប៉ិច បូឡែន


