World Bank៖ វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយឱ្យកម្ពុជាទប់ទល់សម្ពាធសេដ្ឋកិច្ច

វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធដែលកំពុងមានមកលើសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់នាយិកាធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានផ្សព្វផ្សាយថា សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុង​ឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន​ ៤,៨ភាគរយ គឺធ្លាក់ចុះពី ៦ភាគរយ នៅឆ្នាំ២០២៤ ដោយសារសភាពការប្រឈម​ក្នុង និងក្រៅស្រុកបានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ​កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារ​សំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ច ទៅថ្ងៃមុខ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញដោយធនាគារពិភពលោក សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ជម្នះការប្រឈម (Coping with Shocks)» ធ្វើការពិនិត្យមើល ថាតើការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈដែលភាពតានតឹងនៅតាមព្រំដែន បានបង្អាក់សកម្មភាពក្នុង​ទីផ្សារការងារ និងក្នុង​វិស័យទេសចរណ៍។

លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។

លោកស្រី បន្ថែមថា វិធានការការពារដ៏រឹងមាំ និង​កំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធដែលកំពុង​មានមក​លើ​សេដ្ឋកិច្ច​។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកដែល​ទើបនឹង​វិល​ត្រឡប់​ចូល​ស្រុកវិញ គឺ​ជា​កិច្ច​ការ​ចាំបាច់​ណាស់​។ ជាមួយគ្នានេះ ការកែលម្អ​បរិយាកាសអាជីវកម្ម ការ​ជួយដល់​សហគ្រាសក្រៅប្រព័ន្ធ និងការបង្កភាពងាយស្រួល​សម្រាប់​អាជីវកម្ម​ចុះបញ្ជីផ្លូវការ គឺមាន​សារៈសំខាន់ណាស់ដើម្បី​ពង្រីកសក្តានុពល​កំណើន បង្កលក្ខណៈស្មើភាព​សម្រាប់​ការធ្វើ​អាជីវកម្ម​​ និងបង្កើតការងារ ដែលមានគុណភាពកាន់តែប្រសើរឡើង។

ធនាគារពិភពលោក បានលើកឡើងថា ប្រទេសកម្ពុជា បានមកដល់ដំណាក់កាលមានសម្ពាធខ្លាំង ដោយនាំមកជាមួយ​នូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានទ្រនាប់ការពាររឹងមាំគួរសម ដោយក្នុងនោះទុនបម្រុងអន្តរជាតិនៅតែមានភាពល្អប្រសើរ ដែលអាចធានាការនាំចូលបានប្រមាណ ៧,៥ ខែ ខណៈដែលបំណុលសាធារណៈមានកម្រិតទាប គឺប្រហែល ២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។

ចំណែកឯអតិផរណា នៅស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យម ២,៧ ភាគរយក្នុងឆ្នាំនេះ ហើយលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបាន ២,៣ ប៊ីលានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ កើនឡើង ២៨,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំមុន ដែលជួយប៉ះប៉ូវដល់អតុល្យភាពនៅ​ខាងក្រៅបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់រដ្ឋាភិបាលត្រូវបានរំពឹងថានឹងមិនកើនទេ​ ដោយសារតម្រូវ​ការប្រើប្រាស់ខ្សោយជាងមុន ហើយឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងរីកកាន់តែធំ។

បើតាមធនាគារពិភពលោក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ របាយការណ៍បានលើកឡើងនូវ​វិធានការបន្ទាន់មួយចំនួន ដូចជាការផ្តល់​ប្រាក់សង្គ្រោះបន្ទាន់ ការបណ្តុះបណ្តាល និងការស្វែងរកការងារសម្រាប់ពលករចំណាកស្រុកដែលបាន​ត្រឡប់មកវិញ ដើម្បីជួយដល់គ្រួសារដែលងាយរងគ្រោះ និងគាំទ្រដល់តម្រូវការក្នុងស្រុក។ កំណែទម្រង់រយៈពេលមធ្យម គួរតែ​ផ្តោតលើការកាត់បន្ថយថ្លៃដើមក្នុង​ការធ្វើអាជីវកម្ម ការកែលម្អលទ្ធភាពឱ្យ​សហគ្រាសខ្នាតតូច អាចទទួលបានហិរញ្ញវត្ថុយកធ្វើដើមទុន និងការសម្រួលពាណិជ្ជកម្ម និងភស្តុភារ តាមរយៈឌីជីថលូបនីយកម្ម៕

អត្ថបទ៖​ វីរៈ រូបភាព៖ World Bank Cambodia