ក្រុមហ៊ុនចិនមួយ មកស្វែងយល់អំពីឱកាសវិនិយោគ ក្នុងឧស្សាហកម្មផលិតឈើកែច្នៃនៅកម្ពុជា  

ក្រុមហ៊ុនមួយមកពីប្រទេសចិន បានមកស្វែងយល់អំពីឱកាសវិនិយោគក្នុងឧស្សាហកម្មផលិតឈើកែច្នៃនៅក្នុងប្រទេសកម្ពុជា ដោយគ្រោងនឹងវិនិយោគតាំងពីដើមទីដល់ចុងទី មានន័យថាចាប់តាំងពីការបណ្តុះកូនឈើ រហូតដល់ការកែច្នៃជាផលិតផលតែម្តង។ នេះបើតាមការលើកឡើងរបស់គណៈប្រតិភូក្រុមហ៊ុន Guangzhou Tiandi Forestry Co., Ltd មកពីខេត្តក្វាងចូវ ប្រទេសចិន ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។

បន្ថែមលើការលើកឡើងអំពីបរិយាកាសវិនិយោគ និងធុរកិច្ចជារួមនៅកម្ពុជា ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនពីកំណើននៃការវិនិយោគ និងការធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈវត្តមាននៃគម្រោងវិនិយោគ ក្នុងវិស័យយានយន្ត អេឡិចត្រូនិក គ្រឿងសង្ហារិម។ល។ 

ជាការឆ្លើយតប គណៈប្រតិភូក្រុមហ៊ុន Guangzhou Tiandi Forestry Co., Ltd បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបពិភាក្សាការងារ ព្រមទាំងបានអត្ថាធិប្បាយលម្អិតអំពីស្ថានភាពវិនិយោគនៅកម្ពុជា។

គណៈប្រតិភូក្រុមហ៊ុន កត់សម្គាល់ឃើញថា ប្រទេស កម្ពុជាពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយគោលបំណងនៃទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងឧស្សាហកម្មឈើដាំ ដោយគ្រោងនឹងវិនិយោគតាំងពីដើមទីដល់ចុងទី មានន័យថាចាប់តាំងពីការបណ្តុះកូនឈើ រហូតដល់ការកែច្នៃជាផលិតផលតែម្តង។

គណៈប្រតិភូក្រុមហ៊ុន ដដែល បានបន្ថែមថា តាមការសិក្សារបស់លោក កម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់សម្រាប់ឧស្សាហកម្មឈើដាំ ដោយសារភាពអំណោយផលនៃអាកាសធាតុ សណ្ឋានដី ទឹក និងមានផ្ទៃដីនៅសល់សម្រាប់ការដាំឈើ។

ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះបច្ចុប្បន្នកម្ពុជា បាននាំចូលវត្ថុធាតុដើមជាឈើពីក្រៅប្រទេស សម្រាប់យកមកកែច្នៃជាគ្រឿងសង្ហារិម ហើយម្យ៉ាងទៀតយោងតាមច្បាប់វិនិយោគ និងបទដ្ឋានគតិយុត្តិផ្សេងៗ គម្រោងប្រភេទនេះទទួលបានការលើកទឹកចិត្ត។

ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរួសរាន់សម្រេចចិត្តបណ្តាក់ទុនវិនិយោគក្នុងវិស័យ ដែលកំពុងមានសក្តានុពលនេះ ដើម្បីអាចឈានទៅទទួលបាននូវផលចំណេញទាំងអស់គ្នា នាពេលខាងមុខដ៏ខ្លី។ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងរង់ចាំទទួលពាក្យសុំចុះបញ្ជីគម្រោងវិនិយោគពីសំណាក់ក្រុមហ៊ុន ដោយក្តីរីករាយបំផុត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា