មីនេបៀ បើកដំណើរការសាកល្បងរោងចក្រថ្មីនៅខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគជិត ៤០លានដុល្លារ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលពីព្រឹកថ្ងៃទី១០ ខែធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធ ដាក់ឱ្យដំណើរការសាកល្បងរោងចក្រថ្មីរបស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) សាខាខេត្តពោធិ៍សាត់។

តាមដានជាមួយយើង៖ Million Times

រោងចក្រថ្មី ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនាពេលនេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ និងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដំបូងគេ នៃខេត្តពោធិ៍សាត់ ព្រមទាំងជាសមិទ្ធផលដ៏សំខាន់មួយរបស់មីនេបៀ ដែលបានចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

រោងចក្រទី ២របស់ក្រុមហ៊ុនមីនេបៀនេះ ត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន ៣៨,៥លានដុល្លារអាម៉េរិក នៅលើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨០០០កន្លែង នៅពេលប្រតិបត្តិការពេញសមត្ថភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា វត្តមានរបស់មីនេបៀក្នុងខេត្តពោធិ៍សាត់នេះ និងទាក់ទាញវិនិយោគិនកាន់តែច្រើនបន្ថែមទៀត ដែលអាចជាក្រុមហ៊ុនផ្គត់ផ្គង់ ឬជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់របស់មីនេបៀ ឬធ្វើប្រតិបត្តិការអាជីវកម្មក្នុងឱស្សាហកម្មពាក់ព័ន្ធ។

ឯកឧត្តម បានបន្ថែមថា ជាមួយនឹងធនធានថាមពលកកើតឡើងវិញដ៏សម្បូរបែប របស់ខេត្តពោធិ៍សាត់ ក៏ដូចជាគម្រោងរបស់មីនេបៀរក្នុងការបង្កើត Solar Farm ក្នុងខេត្តនេះ គឺជាការសម្រេចចិត្តយុទ្ធសាស្រ្តមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្រេចបាននូវស្តង់ដារបរិស្ថានថ្មី ព្រមទាំងចូលរួមចំណែកក្នុងការលើកកម្ពស់ប្រវត្តិរូបអាជីវកម្ម ដែលមានការគិតគូរដល់បរិស្ថាន និងផ្តល់នូវតម្លៃបន្ថែមជូនអតិថិជនគោលដៅផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការចាប់ផ្ដើមវិនិយោគនៅក្នុងប្រទេសកម្ពុជាកាលពីជាងមួយទសវត្សរ៍មុន និងការបន្តពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ គឺជាសក្ខីកម្មមួយដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី៕

អត្ថបទ៖ វីរៈ រូបភាព៖ ទំព័រហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល