ប្រទេសកម្ពុជា បានទទួលគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងរយៈពេល១១ខែ ឆ្នាំ ២០២៥នេះ ដែលមានការកើនឡើង ២២០គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៤ ខែធ្នូនេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាមេរិក ដែលមានការកើនឡើង ២២០គម្រោង ស្មើនឹងប្រមាណ ៥៧ភាគរយ ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាមេរិក ឬស្មើនឹងប្រមាណ ៤៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

ក្នុងរយៈពេល ១១ខែ កាលពីឆ្នាំ២០២៤ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគត្រឹមតែចំនួន ៣៨៩គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៥ប៊ីលានដុល្លារអាមេរិក។ ជាការកត់សម្គាល់ ក្នុងរយៈពេល ១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងបន្តថា ប្រទេសចិន ជាប្រទេសឈរលំដាប់ទី១ ដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រហូតជាង ៥២ភាគរយ ហើយវិស័យដែលត្រូវបានវិនិយោគរួមមាន៖ វិស័យឧស្សាហកម្ម, វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ព្រមទាំវិស័យទេសចរណ៍។
បើតាមប្រភពដដែល ក្នុងចំណោមគម្រោងទាំង ៦០៩គម្រោងនោះ អាចបង្កើតការងារឱ្យប្រជាពលរដ្ឋខ្មែរបានជាង ៤២ម៉ឺននាក់៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


