មិនទាន់មានគ្រឹះស្ថានមានធនាគារ និងហិរញ្ញវត្ថុណាមួយ ទទួលបានការអនុញ្ញាតផ្តល់សេវាគ្រីបតូនៅឡើយទេ

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ទទួលបានការអនុញ្ញាតក្នុងការផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ នៅឡើយទេ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា មានការចរាចរ ទិញ លក់ ឬទូទាត់ ទ្រព្យសកម្មគ្រីបតូ។

តាមដានជាមួយយើង៖ Million Times

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) នៅថ្ងៃទី៣ ខែធ្នូនេះ បានឱ្យដឹងថា គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ត្រូវបានដកហូតអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ យោងតាមលិខិតចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

ក្នុងនោះដែរ គ្រឹះស្ថាននេះ ក៏បានបំពេញកាតព្វកិច្ចជម្រះបញ្ជីរំលាយគ្រឹះស្ថានតាមនីតិវិធីច្បាប់ចប់ជាស្ថាពរ ដោយក្រុមហ៊ុនសវនកម្ម រីចន៍ & ផាតនើរ (REACHS & PARTNERS Co., Ltd) យោងតាមសេចក្តីសម្រេចចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងន័យនេះ រាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល (ដែល ក្នុងនោះរួមមានអតិថិជនផងដែរ) របស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ត្រូវបានបំពេញ ចប់សព្វគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ធនាគារជាតិនៃកម្ពុជា ក៏បានសង្កេតឃើញថា មានការចរាចរ ទិញ លក់ ឬទូទាត់ ទ្រព្យសកម្មគ្រីបតូ ដែលផ្ទុយពីខ្លឹមសារនៃប្រកាសចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ស្តីពី ប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ” និងសេចក្តីថ្លែងការណ៍រួមរវាង ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។

បើតាមធនាគារជាតិនៃកម្ពុជា សកម្មភាពខាងលើ អាចបង្កជាហានិភ័យដល់ប្រព័ន្ធធនាគារនៅកម្ពុជា ក៏ដូចជាសាធារណជន ផងដែរ។ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា គិតមកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជាក្នុងការផ្តល់សេវាពាក់ព័ន្ធនឹង ទ្រព្យសកម្មគ្រីបតូនោះ នៅឡើយទេ។

ជាចុងក្រោយ ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់សាធារណជន ក៏ដូចជាគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ និងបន្តចូលរួមអនុវត្តស្មារតីខ្លឹមសារបទប្បញ្ញត្តិ និងសេចក្តីថ្លែងការណ៍រួមខាងលើឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ៖ វីរៈ រូបភាព៖ ធនាគារជាតិនៃកម្ពុជា