រោងចក្រដំឡើងរថយន្ត BYD នៅកម្ពុជា សម្ពោធដាក់ឱ្យដំណើរការនៅខែក្រោយ  

រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ គ្រោងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមដានជាមួយយើង៖ Million Times

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំផែនការការពារសន្តិសុខ និងសុវត្ថិភាពជូនសម្ដេចនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD នេះ។

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមហ៊ុន BYD CAMBODIA CO., LTD. បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ក្រុមហ៊ុននេះ គ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។

រោងចក្រដំឡើងរថយន្ត BYD Cambodia បានបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា ចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០២៥មក។ កន្លងមក ក្រុមហ៊ុនផលិតរថយន្ដដ៏ធំរបស់ប្រទេសចិន BYD បានបង្ហាញការភ្ញាក់ផ្អើលចំពោះល្បឿនអនុវត្តការងារនៅកម្ពុជា ហើយចង់យកជាករណីសិក្សាសម្រាប់ការ​វិនិយោគបន្តបន្ទាប់ នាពេលខាងមុខ៕

អត្ថបទ៖ វីរៈ រូបភាព៖ ទទក