ក្រុមហ៊ុនឧកញ៉ា កែវ មុំ កំពុងសាងសង់រោងចក្រផលិតនូវផលិតផល ២ប្រភេទទៀត

ឧកញ៉ា កែវ មុំ ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុនលីលី បានបង្ហើបអំពីការសាងសង់រោងចក្រ ដើម្បីផលិតនូវផលិតផល ២ប្រភេទបន្ថែមទៀត។ យ៉ាងណាក៏ដោយ ឧកញ៉ារូបនេះ មិនទាន់បញ្ជាក់ថា ផលិតផលដែលខ្លួនគ្រោងផលិតនោះ ជាផលិតផលអ្វីនៅឡើយទេ។

តាមដានជាមួយយើង៖ Million Times

តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូអិលធីឌី បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកស្រី បាននិងកំពុងតែបន្តការសាងសង់រោងចក្រផលិតនូវផលិតផល ២ប្រភេទទៀត ដែលនឹងចេញរូបរាងនៅឆ្នាំក្រោយនេះ។

ក្នុងនោះដែរ ឧកញ៉ា កែវ មុំ បានអំពាវនាវដល់ប្រជាជនខ្មែរ ជួយគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរសុទ្ធសាធ ហើយក៏បានលើកទឹកចិត្តដល់អ្នក ដែលនាំចូលផលិតផលប្រទេសថៃ គួរតែងាកមកគិតការផលិតនៅក្នុងស្រុកវិញ ដើម្បីជួយលើកតម្កើងភាពថ្លៃថ្នូររបស់ជាតិខ្មែរ។  

ជាមួយគ្នានេះ ម្ចាស់ក្រុមហ៊ុនលីលី រូបនេះ ក៏បានលើកឡើងថា «បើបងប្អូនមិនមានជំនាញផលិត បងប្អូនអាចនាំចូលផលិតផលប្រទេសផ្សេងជាច្រើន មកជំនួសផលិតផលផ្ទះលេខ ២វិញ ដោយសរសេរអក្សរខ្មែរ ដើម្បីលើកតម្កើងអក្សរសាស្ត្រខ្មែរ»។ ម្យ៉ាងទៀត ការធ្វើដូច្នេះក៏ងាយស្រួលដល់ប្រជាជនខ្មែរ បានយល់នូវផលិតផលនោះផងដែរ ហើយដាក់ទីតាំងប្រទេសផលិតឱ្យបានច្បាស់លាស់ កុំឱ្យមានការភាន់ច្រឡំ។

ឧកញ៉ា កែវ មុំ លើកឡើងទៀតថា បើផលិតនៅប្រទេសណា សូមដាក់ផលិតនៅប្រទេសនោះ ដើម្បីរក្សានូវភាពថ្លៃថ្នូររបស់អ្នកនាំចូល និងអ្នកផលិត។

គួរកត់សម្គាល់ថា ចាប់តាំងពីប្រទេសកម្ពុជា មានជម្លោះព្រំដែនជាថ្មីជាមួយប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរ បានងាកមកគាំទ្រយ៉ាងភ្លុកទឹកភ្លុកដី នូវផលិតផលផលិតក្នុងស្រុក។ ចំណែក ឯអ្នកផលិត ក៏បានបង្កើនបរិមាណ និងគុណភាពផលិត ហើយក៏បានរៀបចំបង្កើតឱ្យមានផលិតផលថ្មីៗ ថែមទៀតដែរ៕

អត្ថបទ៖ វីរៈ រូបភាព៖ ឧកញ៉ា កែវ មុំ