នៅរាជធានីភ្នំពេញ មានភោជនីយដ្ឋានម្ហូបជប៉ុនជិត ៣០០កន្លែង ដែលកើនឡើងគួរឱ្យកត់ សម្គាល់ និងអាចបញ្ជាក់ថា ម្ហូបជប៉ុនបាននិងកំពុងតែទទួលការពេញនិយមជាខ្លាំងនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ការលើកឡើងនេះ ស្របពេលដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២ឆ្នាំ និងការសម្ពោធភោជនីយដ្ឋាន ដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា និងជប៉ុនឈ្មោះ KYŌ Shabu សាខាកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងពាណិជ្ជករជាតិ និងអន្តរជាតិ អ្នកផលិតមាតិកា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប ទៀត។

នៅក្នុងឱកាសនោះ វិនិយោគិនជប៉ុន បានបង្ហាញចំណាប់អាម្មរណ៍ស្រលាញ់ប្រទេសកម្ពុជា ជាផ្ទះទី ២ របស់ខ្លួន ដែលបដិសណ្ឋារកិច្ចពោរពេញ ដោយភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវយន្តការលើកទឹកចិត្ត និងអនុគ្រោះដល់ការវិនិយោគ ជាហេតុនាំឱ្យមានការសម្រេចចិត្ត ក្នុងជំរុញការបោះទុនវិនិយោគបង្កើតសាខាបន្តបន្ទាប់ នាពេលនេះ។

ចំណែកឯឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានទូតបានធ្វើស្ថិតិឃើញមានភោជនីយដ្ឋានម្ហូបជប៉ុនជិត ៣០០កន្លែង នៅរាជធានីភ្នំពេញ ដែលកើនឡើងគួរឱ្យកត់សម្គាល់ និងអាចបញ្ជាក់ថា ម្ហូបជប៉ុន បាននិងកំពុងតែទទួលការពេញនិយមជាខ្លាំងនៅកម្ពុជា។

ឯកឧត្ដម បានបន្ថែមថា តាមរយៈការផ្លាស់ប្តូរបទពិសោធម្ហូបអាហារ នឹងធ្វើឱ្យប្រជាជនមានការយល់ដឹងពីវប្បធម៌ និងទំនៀមទំលាប់គ្នាទៅវិញទៅមក ដែលជួយជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិរវាងគ្នានិងគ្នា។
រីឯឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរចំពោះជោគជ័យរបស់អ្នកវិនិយោគកម្ពុជា-ជប៉ុន និងការចូលរួមចំណែកមិនត្រឹមតែការអភិវឌ្ឍវិស័យភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ចទេ តែក៏បានចូលរួមចំណែកបង្ហាញពីសុខដុមរមនា និងចំណងមិត្តភាពដ៏ល្អរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ជាពិសេសគឺការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ប្រជាជនកម្ពុជាក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះដ៏សំបូរបែបពីគ្រប់តំបន់នៃពិភពលោក៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍


