ក្រុមហ៊ុន អ្នកឧកញ៉ា សួរ វីរ: ប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើប

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលមានអ្នកឧកញ៉ា សួរ វីរ: ជាអគ្គនាយក បានចាប់ផ្ដើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ពីសហគមន៍កសិកម្មទំនើប ក្នុងខេត្តបាត់ដំបង។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងបែបនេះថា​ «អបអរសាទរ! ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើប នៅក្នុងខេត្តបាត់ដំបង តាមកិច្ចសន្យា»។ 

គួរឱ្យដឹងថា មានប្រជាកសិករប្រមាណ ២ ០០០គ្រួសារ នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលជាសមាជិក នៃសហគមន៍កសិកម្មទំនើបចំនួន ៦ បានចុះកិច្ចព្រមព្រៀងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ ក្រោមការសម្របសម្រួលនៃក្រសួងកសិកម្ម ជាមួយនឹងការតភ្ជាប់ទីផ្សារ និងការធានាតម្លៃសមរម្យទុកជាមុន។

ក្នុងនោះដែរ ប្រជាកសិករជាសមាជិកទាំងអស់ ក៏ទទួលបានការគាំទ្រខាងផ្នែកដើមទុន បច្ចេកទេស និងការកាត់បន្ថយចំណាយលើថ្លៃជីថ្នាំ ផងដែរ។

អ្នកឧកញ៉ា សួរ វីរ: បានធ្លាប់បញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុន វិរៈ ប៊ុនថាំ ​ចុះកិច្ចព្រមព្រៀងជាមួយសហគមន៍កសិកម្មទំនើប ព្រោះមានការធានាច្បាស់លាស់ក្នុងការផ្គត់ផ្គង់ ដែលពីមិនមានសហគមន៍កសិកម្មទំនើប ធ្វើឱ្យក្រុមហ៊ុនពិបាកចុះកុងត្រាជាមួយអតិថិជននៅក្រៅប្រទេស ក្នុងបរិមាណមួយដ៏ច្រើន។

ម្យ៉ាងទៀត ក៏ដើម្បីចូលរួមជាមួយក្រសួងកសិកម្ម ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីជួយដល់កសិករកម្ពុជាឱ្យពួកគាត់ច្បាស់ក្នុងចិត្តថា នៅពេលគាត់ផលិតស្រូវហើយ គឺមានអ្នកទិញ និងទទួលបានចំណូល៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ឃឹម ហ្វីណង់