១០ខែ ឆ្នាំនេះ តំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តក្រចេះ នាំចេញបានជាង ១០០លានដុល្លារ

ពេញមួយឆ្នាំ២០២៤កន្លងទៅនេះ តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលមានទីតាំងស្ថិតនៅ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បាននាំចេញផលិតផលក្នុងទំហំ ៧៩,៦លានដុល្លារ ហើយ ១០ខែ ឆ្នាំ២០២៥នេះ ការនាំចេញបានហក់ឡើងដល់ជាង ១០០លានដុល្លារ។ នេះបើតាមការឱ្យដឹងពីក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។

តាមដានជាមួយយើង៖ Million Times

ឯកឧត្តម ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ។

ទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ មានចំងាយប្រមាណ ៥គីឡូម៉ែត្រ ពីច្រកអន្តរជាតិត្រពាំងស្រែ ដែលជាច្រកអន្តរជាតិសំខាន់ជាយុទ្ធសាស្ត្រមួយ ក្នុងប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្ម នៅក្នុងតំបន់ភូមិភាគឦសាន។ ទុនវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍មានទំហំ ២០០លានដុល្លារ ហើយគិតមកទល់បច្ចុប្បន្នទំហំទុនវិនិយោគ ដែលបានចូលមកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំ ៥៩៥,៣លានដុល្លារ និងបានផ្តល់ការងារដល់កម្មករសរុបចំនួន ២០១៤នាក់។

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ កាលពីឆ្នាំ២០២៤ មានទំហំ ៧៩,៦លានដុល្លារ ហើយបច្ចុប្បន្ន គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៥ ការនាំចេញបានហក់ឡើងដល់ចំនួនជាង ១០០លានដុល្លារ ដោយមានទីផ្សារនាំចេញសំខាន់ៗដូចជា​៖ សហរដ្ឋអាមេរិក ប្រេស៊ីល ចិន សហភាពអឺរ៉ុប តួកគី ម៉ិកស៊ិក រុស្សី អាហ្វ្រិកខាងត្បូង ឥណ្ឌា និង ឥណ្ឌូនេស៊ី ជាដើម។

គួរឱ្យដឹងដែរថា តំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនកំពុងដំណើរការ ចំនួន ៥ ៖ ១.ក្រុមហ៊ុន Newbustar (Cambodia) Tire Co.,Ltd. (ផលិតសំបកកង់យានយន្ត), ២. ក្រុមហ៊ុន HKZQ Energy and Technology Co.,Ltd. (ផលិតចំហាយទឹកនិងខ្យល់ក្តៅ), ៣. ក្រុមហ៊ុន Firemax (Cambodia)Tires Co.,Ltd. (ផលិតសំបកកង់យានយន្ត), ៤. ក្រុមហ៊ុន Yaokun (Cambodia) Mold Co.,Ltd. (ផលិតពុម្ពសំបកកង់យានយន្ត), និង ៥. ក្រុមហ៊ុន Zhongqi Photovoltaic Technology (Cambodia)Co., Ltd. (ផ្គុំនិងតម្លើងបន្ទះសូឡា)៕

អត្ថបទ៖ វីរៈ រូបភាព៖ ក.វ.ឦសាន