ប្រធានសមាគមជប៉ុន-កម្ពុជា លើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគរបស់ជប៉ុន ក្នុងការមកវិនិយោគលើវិស័យនានា។ ការលើកឡើងនេះ គឺស្របពេលដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានអនុញ្ញាតឱ្យ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្ត ចំពោះសកម្មភាពដ៏សកម្មរបស់សមាគមជប៉ុន-កម្ពុជា ដែលបានចូលរួមចំណែកក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ទាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជន ហើយជាពិសេស គឺការទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលនេះគឺជាសកម្មភាពមួយយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចកម្ពុជា។

ចំណែកលោកប្រធានសមាគម ជប៉ុន-កម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគរបស់ជប៉ុន ក្នុងការមកវិនិយោគលើវិស័យនានា ក្នុងនោះលោកបានរំលេចទាក់ទងទៅនឹងប្រតិភូ ដែលមកបំពេញបេសកកម្មនៅកម្ពុជានាពេលនេះ គឺមានប្រមាណ ៣៦ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជប៉ុនទាក់ទងទៅនឹងការវិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម ដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុនមកកម្ពុជា។

លោក TAKAHASHI Fumiaki បានបន្តថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ជាពិសេស តាំងពីពេលសម្តេចតេជោ នៅជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ក៏សម្តេចនៅតែបន្តគាំទ្រអ្នកវិនិយោគជប៉ុន ជាពិសេសគឺសមាគមជប៉ុន-កម្ពុជាតែម្តង ដែលលោកប្រធានសមាគម បានចាត់ទុកការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងការផ្តល់នូវទំនុកចិត្ត ដល់អ្នកវិនិយោគជប៉ុន មកកាន់កម្ពុជា បន្ថែមទៀត ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដោយបង្ហាញនូវការពេញចិត្ត ចំពោះវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណា ជំរុញទំនាក់ទំនង ជាពិសេសទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែមទៀត ដល់ប្រជាជនកម្ពុជា ជាពិសេសយុវជនតែម្តង ដោយសម្តេចតេជោ បានលើកឡើងថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាជំនាញ នៃតម្រូវការ ដែលទាំងក្នុងបរិបទប្រទេសកម្ពុជា ក៏ដូចជាបរិបទនៃប្រទេសជប៉ុនត្រូវការ ហើយជាចំណែកក្នុងការជំរុញផ្នែកសេដ្ឋកិច្ចដ៏សំខាន់ ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងពីការពេញចិត្តនូវអ្វីដែលអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយសម្តេចតេជោ បានលើកឡើងថា ផ្នែកកសិ-ឧស្សាហកម្មនេះ គឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងមក រហូតដល់រាជរដ្ឋាភិបាលថ្មី ក៏ចាត់ទុកកសិ-ឧស្សាហកម្មនេះ គឺការកែច្នៃផលិតផលកសិកម្ម គឺជារឿងចាំបាច់និងអាទិភាព។
ពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា ក៏ដូចគ្នាដែរដោយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ហើយកម្ពុជាកំពុងត្រូវការខ្លាំងក្នុងផ្នែកនេះ។ សម្តេច បានជំរុញឱ្យអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ និងពង្រីកសក្ដានុពលលើវិស័យទាំងអស់នេះ ឱ្យមានការកើនឡើងកាន់តែច្រើនថែមទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចតេជោ


