រដ្ឋមន្ត្រី៖ ការចងក្រងជាសហគមន៍កសិកម្មទំនើប​ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករ

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ លើកឡើងថា ការចងក្រងជាសហគមន៍កសិកម្មទំនើប​ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ពិសេសការជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំ ការធានាទីផ្សារ និងតម្លៃ។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ ស្របពេលដែលឯកឧត្ដមរដ្ឋមន្ត្រី​ បានអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង នៅរសៀលថ្ងៃទី២៩ ខែតុលានេះ។

ការជួបសំណេះសំណាលនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំអនុវត្តផែនការ ធ្វើពិពិធកម្មបង្វែរចេញពីដំឡូងមី ទៅរកផលិតកម្មម្ទេស បន្លែស្លឹក និងមាន់ស្រែ ដែលនឹងជួយលើកស្ទួយជីវភាព និងផ្តល់ប្រភពចំណូលចម្រុះជូនសមាជិកសហគមន៍ ជាពិសេសអតីតយុទ្ធជន​ នៅខេត្តពោធិ៍សាត់។

ឯកឧត្ដម បានបន្ថែមថា ការចងក្រងជាសហគមន៍កសិកម្មទំនើប​ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករ ជាពិសេសការជួយកាត់បន្ថយថ្លៃដើម តាមការប្រមូលទិញដុំ ការធានាទីផ្សារ និងតម្លៃតាមរយៈការចុះកិច្ចសន្យាលក់ទុកមុន។

ម្យ៉ាងទៀត ក៏ជួយសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលជាក់ស្ដែងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានទទួលការអភិវឌ្ឍរួមតាមរយៈយន្តការត្រី-វិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ)។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកសិកម្ម នឹងបន្តជួយជ្រោមជែងប្រជាកសិករ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យទទួលបានផលប្រយោជន៍​ជាច្រើនថែមទៀត និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។

គួរឱ្យដឹងថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង បានចុះបញ្ជីជាសហគមន៍ទំនើបនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ សហគមន៍នេះ មានទីតាំងស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំពង្រិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សហគមន៍មានសមាជិកចំនួន ១៨១គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំម្ទេសប្រមាណ ៥២ហិកតា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម