ឯកឧត្តម ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែតុលា បានដឹកនាំកិច្ចប្រជុំពិនិត្យលើការស្នើបង្កើតរោងចក្រកែច្នៃឡើងវិញ នូវបរិក្ខារអេឡិចត្រូនិក និងអគ្គិសនីដែលប្រើប្រាស់រួច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានស៊ីណូ មេធលលីក មេធៀរៀល នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

គម្រោងរោងចក្រកែច្នៃឡើងវិញនេះ មានផែនការប្រមូលវត្ថុធាតុដើម ជាសម្ភារៈអេឡិចត្រូនិក និងបរិក្ខារអគ្គិសនីដែលប្រើប្រាស់រួច ដើម្បីធ្វើការកែច្នៃឡើងវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបំបែក ញែក និងធ្វើប្រព្រឹត្តកម្ម ដើម្បីអាចទាញយកលោហៈ និងវត្ថុនានា ដូចជា មាស ប្រាក់ ទង់ដែង ស្ពាន់ សំណប៉ាហាំងជាដើម សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម។

គម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់បរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់នានា ដោយសារការកែច្នៃ ដែលគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងដែលទុកចោល ដោយគ្មានការគ្រប់គ្រង និង គ្មានការរក្សាទុកត្រឹមត្រូវ ព្រមទាំងអាចបង្កើតការងារ ប្រាក់ចំណូល ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និង ការបង្កើតលោហៈមានតម្លៃថ្មីបន្ថែម ជំនួសឱ្យការជីកយកលោហៈធាតុពីធនធានធម្មជាតិ។
អង្គប្រជុំ បានគាំទ្រគម្រោងនេះ និងយល់ស្របគ្នាថា ការអនុវត្តគម្រោងនេះត្រូវគោរព និងអនុវត្តតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន, ជាពិសេសត្រូវគ្រប់គ្រងបរិស្ថានឱ្យបានល្អជាទីបំផុត។
ជាមួយនេះ អង្គប្រជុំបានពិនិត្យលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស សំដៅធានាថា គម្រោងនេះអាចអនុវត្តបាន ដោយមានការគ្រប់គ្រងបរិស្ថានច្បាស់លាស់ និងខ្សែច្រវាក់ផលិតកម្មឱ្យបានម៉ត់ចត់ ជាពិសេសការគ្រប់គ្រងការប្រមូលបរិក្ខារ ការបំបែក ការញែក និងការធ្វើប្រព្រឹត្តកម្ម ក្នុងនោះត្រូវមានការសិក្សាពីផលប៉ះពាល់បរិស្ថានជាមុន ដោយមានការឯកភាពពីក្រសួងបរិស្ថាន និងការអនុញ្ញាតពីរាជរដ្ឋាភិបាល៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម


