ក្រុមហ៊ុនជប៉ុនមួយ ពង្រីកការវិនិយោគលើការកែច្នៃសំរាម ផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម

ក្រុមហ៊ុនជប៉ុនមួយ បានសម្រេចពង្រីកការវិនិយោគទៅលើការកែច្នៃសំរាម ដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម ដោយប្រមូលសំរាមទូទៅពីក្រុមហ៊ុន ដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

តាមដានជាមួយយើង៖ Million Times

ការបញ្ជាក់អំពីការពង្រីកការវិនិយោគនេះ គឺនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ដឹកនាំដោយលោក Okumura Yusuke ប្រធានក្រុមហ៊ុន ​នៅថ្ងៃទី២៨ ខែតុលា។

នៅក្នុងជំនួបនេះ លោក Okumura Yusuke បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម (ប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

លោកបន្ថែមថា ដោយមានការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះ ក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុន ដែលកំពុងមានផលិតកម្ម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីកែច្នៃ។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានសម្តែងនូវការស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន។

គួរឱ្យដឹងថា កន្លងមក ក្រុមហ៊ុន GOMI RECYCLE បានវិនិយោគកែច្នៃសំរាមប្លាស្ទិក ដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិម៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា