គម្រោងវិនិយោគកសិ-ឧស្សាហកម្មចម្រុះរបស់ក្រុមហ៊ុន អេ.វី.ស៊ី អ៊ិនវេសម៉ិន ឯ.ក ដែលមាន ទុនវិនិយោគចំនួន ២៥ លានដុល្លារ គ្រោងនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូចុះពិនិត្យគម្រោងវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ ដែលជាគម្រោងតាមរបៀបសេដ្ឋកិច្ចចក្រា។

ក្រុមហ៊ុន អេ.វី.ស៊ី បានបោះទុនវិនិយោគចំនួន ២៥ លានដុល្លារ លើផ្ទៃដី ៥៧ហិកតា នៅឃុំពពក ស្រុកស្ទោង រួមមាន រោងចក្រកែច្នៃដំឡូងមី (ម្សៅដំឡូងមី និងដំឡូងមីចំណិត)។ ចំពោះកាកសំណល់ពីការកែច្នៃនេះ អាចផលិតជាជីសរីរាង្គ និងចំណីសត្វ ព្រមទាំងឧស្ម័នសម្រាប់សម្ងួតដំឡូងមីវិញ និងសម្រាប់ផលិតថាមពលអគ្គិសនីពីជីវម៉ាស ដោយរួមបញ្ចូលគ្នាជាមួយនឹងខ្សែច្រវាក់ផលិតកម្មគ្រាប់ឈើ និងរោងចក្របង្កកផ្លែឈើ។

គម្រោងវិនិយោគកសិ-ឧស្សាហកម្មចម្រុះ ដែលជាមជ្ឈមណ្ឌលកែច្នៃកសិផលសម្រាប់នាំចេញនេះ គ្រោងនឹងដំណើរការនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ឯកឧត្ដម វង្សី វិស្សុត មានប្រសាសន៍ថា ការចុះមកដល់ទីតាំងគម្រោងសាងសង់រោងចក្រកែច្នៃកសិ-ឧស្សាហកម្មចម្រុះនាពលនេះ គឺក្នុងគោលបំណងជួយដោះស្រាយបញ្ហាប្រឈមនៅនឹងកន្លែង និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតរបស់អ្នកវិនិយោគ អ្នកផលិត សហគមន៍ និងប្រជាកសិករ ដើម្បីបង្កើនសមត្ថភាពផលិត តម្លៃបន្ថែម និងការប្រកួតប្រជែង ព្រមទាំងលទ្ធភាពធ្វើឱ្យកាន់តែប្រសើរឡើងនូវការទាក់ទាញវិនិយោគ និងធុរកិច្ច ក្នុងមូលដ្ឋានខេត្តកំពង់ធំ។
ម្យ៉ាងទៀត ក៏ដើម្បីលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការបង្កើតការងារ មុខរបរ និងប្រាក់ចំណូលបន្ថែមជូនពួកគាត់ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសដៅ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
គួរឱ្យដឹងថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។ ជាក់ស្តែង បច្ចុប្បន្នខេត្តកំពង់ធំ មានផ្ទៃដីដំណាំដំឡូងមីប្រមាណជាង ៥៤ ០០០ ហិកតា ដោយទទួលបានទិន្នផលប្រមាណ ១,២លានតោន ក្នុង១ឆ្នាំ និងមានផ្ទៃដីដំណាំកៅស៊ូប្រមាណ ៧៣ ០០០ ហិកតាផងដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមទីស្តីការគណៈរដ្ឋមន្រ្តី


