ក្រុ​មហ៊ុនកម្ពុជា-ម៉ាឡេស៊ី ចុះ MOU លើការ វិនិយោគផលិតផលទឹកដោះគោស្រស់

ក្រុ​មហ៊ុនកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនម៉ាឡេស៊ី លើការវិនិយោគផលិតផលទឹកដោះគោស្រស់ ដើម្បីបំពេញតម្រូវការទីផ្សារនៅកម្ពុជា។ ពិធីចុះហត្ថលេខាលើ MOU នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ នៅប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖ Million Times

មុនពិធីចុះហត្ថលេខា ឯកឧត្តម ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Farm Fresh Berhad ដឹកនាំដោយលោក Loi Tuan Ee សហស្ថាបនិក, នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិក្រុមហ៊ុន។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរចុះអនុស្សរណៈលើការយោគយល់គ្នា រវាងក្រុមហ៊ុន Alpha Group របស់កម្ពុជា តំណាងដោយ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមហ៊ុន ជាមួយនឹងក្រុមហ៊ុន Farm Fresh Berhad របស់ម៉ាឡេស៊ី តំណាងដោយលោក Loi Tuan Ee។ 

បើតាមឯកឧត្តម ស៊ុន ចាន់ថុល អនុស្សរណៈលើការយោគយល់គ្នា ដែលបានផ្លាស់ប្តូរនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើតកិច្ចសហការក្នុងការពង្រីកប្រតិបត្តិការអាជីវកម្ម និងការវិនិយោគរបស់ក្រុមហ៊ុន Farm Fresh Berhad មកកាន់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មផលិតផលចេញពីទឹកដោះគោស្រស់ ដើម្បីចូលរួមបំពេញតម្រូវការទីផ្សារ៕

អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ស៊ុន ចាន់ថុល