ម្ចាស់ផលិតផលគ្រឿងហ្លួង ដាក់ទុនវិនិយោគបន្ថែម ៥០ម៉ឺនដុល្លារ​ ក្រោយមានសម្ទុះគាំទ្រច្រើនពីពលរដ្ឋខ្មែរ

បន្ទាប់ពីមានសម្ទុះគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកនោះ មានក្រុមហ៊ុនមួយចំនួនបានបន្ថែមទុនវិនិយោគ ដើម្បីបង្កើនសមត្ថភាពផលិត និងបង្កើតផលិត ផលថ្មី។ ក្នុងនោះ ក៏មានក្រុមហ៊ុនសាបារាបេសហ្វូដ ឯ.ក របស់អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី មួយដែរ។

តាមដានជាមួយយើង៖ Million Times

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកាក្រុមហ៊ុនសាបារាបេសហ្វូដ ឯ.ក មានប្រសាសន៍ប្រាប់ Million Times ថា ចំពោះការពង្រីករោងចក្រថ្មី គឺដោយសារតែអ្នកស្រីមានគម្រោងស្រាប់ហើយ ដែលនឹងធ្វើនៅក្នុងឆ្នាំ ២០២៥នេះ ព្រោះផលិតផលគ្រឿងហ្លួង របស់ក្រុមហ៊ុនសាបារា បេសហ្វូដ បានទទួលការគាំទ្រច្រើនគួរសមដែរ ដូច្នេះហើយត្រូវបង្កើនសមត្ថភាពផលិត។ ម្យ៉ាងទៀត ដោយសារតែបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជាជាមួយប្រទេសថៃ ការបញ្ជាទិញកាន់តែច្រើន ទើបអ្នកស្រីត្រូវជំរុញការសាងសង់រោងចក្រថ្មី។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បញ្ជាក់ថា អ្នកស្រី គ្រោងចំណាយថវិកាប្រមាណ ៥០ម៉ឺនដុល្លារ ដើម្បីសាងសង់ពង្រីករោងចក្រថ្មី ដែលត្រូវធ្វើឡើងជាដំណាក់កាល ដោយជាដំបូងរៀបចំហេដ្ឋារចនាសម្ព័ន្ធអស់ប្រមាណ ៣០ម៉ឺនដុល្លារ និងជំហានបន្ទាប់ត្រូវបំពាក់ម៉ាស៊ីនដែលត្រូវចំណាយអស់ ២០ម៉ឺនដុល្លារទៀត។

អគ្គនាយិកាក្រុមហ៊ុនសាបារាបេសហ្វូដ បញ្ជាក់ទៀតថា «សម្រាប់រោងចក្រថ្មី យើងផលិតទាំងផលិតផលដែលយើងមានស្រាប់មានគ្រឿងហ្លួងចំនួន ៨មុខ ហើយនិងផលិតផលថ្មីដែលយើងទើបតែសម្ពោធ ហើយនិងត្រៀមសម្ពោធ មានដូចជាស្វាយចន្ទីលីង ៤រសជាតិ មានដូចជាម្ស៉ៅបន្លែ និងមួយទៀតដែលយើងរៀបនឹងសម្ពោធថ្មីហ្នឹង គឺម្ស៉ៅស៊ុបមាន់»។

បច្ចុប្បន្នក្រុមហ៊ុនសាបារាបេសហ្វូដ បានផលិតនូវផលិតផលពីរប្រេន គឺទីមួយប្រេនគ្រឿងហ្លួង ដោយមានផលិតផល ១០មុខ និងទីពីរប្រេនសាបារាឆយ មានផលិតផលស្វាយចន្ទីចំនួន ៤រស ជាតិ។ ផលិតផលក្រុមហ៊ុននេះ បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ៥ រួមមាន៖ សហរដ្ឋ អាមេរិក, កូរ៉េខាងត្បូង, ជប៉ុន អូស្ត្រាលី និងញូហ្សេឡែន ហើយក៏កំពុងនាំចេញសាកល្បងបន្ថែមទៅកាន់ប្រទេសបារាំង អង់គ្លេស និងមួយចំនួនទៀតនៅតំបន់អឺរ៉ុប។

ជាមួយគ្នានេះ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បានបង្ហាញក្ដីសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ នឹងបន្តគាំទ្រនូវផលិតផលក្នុងស្រុក មិនថាផលិតផលរបស់អ្នកស្រី ឬក៏ផលិតផលរបស់រោងចក្រ សហគ្រាស ផ្សេងនោះទេ ដោយសូមគាំទ្រជារៀងរហូត មិនមែនត្រឹមតែពេលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ នោះឡើយ។

អគ្គនាយិការូបនេះ ក៏បានលើកឡើងដែរថា រោងចក្រ សហគ្រាស ក្នុងស្រុកនីមួយៗ បានបន្ថែម ទុនវិនិយោគ ដើម្បីបង្កើនសមត្ថភាពផលិត និងបង្កើតផលិតផលថ្មី។ ដូច្នេះទេ ប្រសិនបើការគាំទ្រមានរយៈពេលខ្លី នោះរោងចក្រ សហគ្រាស ទាំងនោះ នឹងជួបបញ្ហាមិនខានឡើយ៕

អត្ថបទ៖ វីរៈ រូបភាព៖ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី