អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ ដោយបានបង្ហាញអំពីលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កករបស់សហគ្រាស ស៊ឹម សុផាន់ណារិទ្ធ អឹមផត អិចផត ឯ.ក។


សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តនីតិវិធីក្នុងនាមជានគរបាលយុត្តិធម៌ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កករបស់សហគ្រាស ស៊ឹម សុផាន់ណារិទ្ធ អឹមផត អិចផត ឯ.ក ដែលមានអាសយដ្ឋាននៅផ្លូវលំ ភូមិ ៤ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឆ្លើយតបទៅនឹងបណ្ដឹងសាធារណៈ តាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តតាមគោលការណ៍វិជ្ជាជីវៈ ដូចតទៅ៖ ១. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីធ្វើតេស្តបឋមជាក់ស្តែងនៅនឹងកន្លែង ទៅលើសំណាកគំរូដែលបាន ជ្រើសរើសដោយចៃដន្យ ចេញពីឡូតិ៍ទំនិញនីមួយៗ ដែលមានចំនួនសរុប ១៥សំណាកគំរូ ស្វែងរកសារធាតុគីមីហាមឃាត់ (ហ្វ័រម៉ាលីន – Formalin) ដែលប្រើប្រាស់ក្នុងម្ហូបអាហារ ដើម្បីរក្សាទុកឱ្យបានយូរ។ ជាលទ្ធផល ពុំមានរកឃើញសញ្ញាណ នៃសារធាតុគីមីហាមឃាត់នេះទេ។
២. ជាមួយគ្នានេះដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវាយតម្លៃអនុលោមភាព មន្ត្រីជំនាញបានដកយកសំណាកគំរូចំនួន ១៥បន្ថែមទៀត ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារបស់អគ្គនាយកដ្ឋាន ក.ប.ប. លេខ ៦៤៣ អ.កបប ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ បញ្ជូនមកមន្ទីរពិសោធន៍កណ្តាលរបស់អគ្គនាយកដ្ឋាន ដើម្បីវិភាគលើប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ មានដូចជា៖ Coagulase-positive Staphylococci, Salmonella spp., Total Plate Count និងសំណល់ថ្នាំបសុពេទ្យ (Antibiotic Residues)។ ជាលទ្ធផល ពុំមានរកឃើញប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយ លើសពីកម្រិតកំណត់ ដែលបានអនុញ្ញាត និងពុំមានវត្តមានសំណល់ថ្នាំបសុពេទ្យនោះទេ។
បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការពិសោធន៍ប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ និងការវិភាគសំណល់ថ្នាំបសុពេទ្យ ដូចបានរៀបរាប់ពី ខាងលើ មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានការគាំទ្រពីមន្ទីរពិសោធន៍យោងអាស៊ាន (ASEAN Food Reference Laboratory) និងមន្ទីរពិសោធន៍ជប៉ុន ផ្នែកបច្ចេកទេស និងវិធីសាស្ត្រវិភាគ។
ដោយយោងទៅលើលទ្ធផល វិភាគពាក់ព័ន្ធនឹងសំណាកគំរូផលិតផលសាច់បង្កកខាងលើ បង្ហាញថាផលិតផលទំនិញទាំងនេះមានអនុលោមភាព ស្របតាមបទបញ្ញត្តិបច្ចេកទេស ស្តីពីអនាម័យម្ហូបអាហារសម្រាប់មនុស្ស និងស្តង់ដាកូដិច។ លទ្ធផលវិភាគទាំងនេះ ត្រូវបានប្រគល់ជូនក្រុមការងារចម្រុះដែលមានសមាសភាពដូចខាងលើ ដើម្បីចាត់នីតិវិធីបន្ត៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម