លោក Wang lei lei កសិករជនជាតិចិន បានបង្កើតកសិដ្ឋានដាំដុះបន្លែ ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយរយៈពេល ៣ថ្ងៃ អាចផ្គត់ផ្គង់ទីផ្សារហាងចិននៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ បានចំនួន ២តោន។


កសិដ្ឋានដាំដុះបន្លែរបស់លោក Wang lei lei លើផ្ទៃដីចំនួន ១០ហិកតា បានដាំដុះក្នុងផ្ទះសំណាញ់ចំនួន ៤០ខ្នង ក្រៅពីនេះដាំដុះនៅទីវាល ដែលមានប្រភេទបន្លែដូចជា៖ តាសក់វែង ម្ទេសវែង ត្រប់ សណ្ដែកកួរ (សុទ្ធសឹងតែពូជដែលមានតម្លៃខ្ពស់) និងដំណាំរួមផ្សំផ្សេងទៀត។

សមត្ថភាពផលិតកម្មនាពេលបច្ចុប្បន្ន អាចបានបន្លែចម្រុះ ២តោន ក្នុងរយ:ពេល ៣ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារចិន នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ជំនួសឱ្យបន្លែដែលនាំចូលពីប្រទេសចិនក្នុងពេលកន្លងមក។ កសិដ្ឋាននេះ មានគម្រោងពង្រីកបង្កើនផលិតកម្មបន្លែចម្រុះ ឱ្យបានរហូត ២០តោន ក្នុង១ថ្ងៃផងដែរ។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី ១៤ ខែតុលា បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែរបស់ជនជាតិរូបនេះ។
ក្នុងនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានណែនាំត្រូវអនុវត្ត និងប្រកាន់ខ្ជាប់នូវការថែរក្សាឱ្យបាននូវគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងសហការជាមួយមន្ទីរ ដើម្បីឈានទៅការទទួលបាននូវវិញ្ញាបនកម្ម នៃការអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) ឱ្យសមស្របទៅតាមតម្រូវការ ទីផ្សារ នាពេលបច្ចុប្បន្ន៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងកសិកម្ម