ប្រធានសមាគមត្រចៀកកាំខ្មែរ៖ មិនទាន់មានការនាំចេញជាផ្លូវការ នូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារចិន នៅឡើយទេ

មកដល់ខែតុលានេះ មិនទាន់មានការនាំចេញជាផ្លូវការ នូវសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន នៅឡើយទេ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ។

តាមដានជាមួយយើង៖ Million Times

លោក ស៊ុយ កុកធាន មានប្រសាសន៍ប្រាប់ Million Times នៅថ្ងៃទី ១២ ខែតុលាថា បើតាមព័ត៌មានលោកទទួលបាន គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជូនក្រុមហ៊ុនចំនួន ៦ ដើម្បីឱ្យខាងគយចិនពិនិត្យសម្រេចចំពោះការនាំចេញ តែមកដល់ពេលនេះមិនទាន់ដឹងថា គយចិនយល់ព្រមឬយ៉ាងណានៅឡើយទេ។

យ៉ាងណាក៏ដោយ លោក ស៊ុយ កុកធាន លើកឡើងថា បន្ទាប់ពីភាគីចិន និងកម្ពុជា បានចុះហត្ថលេខាទៅលើអនុស្សរណៈយោគយល់គ្នា (MoU) ដែលបើកផ្លូវឱ្យនាំសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនោះ គឺជាការសញ្ញាវិជ្ជមានមួយ។ ប៉ុន្តែនៅសល់នីតិវិធីមួយចំនួន ដែលស្ថាប័នជំនាញត្រូវបំពេញបន្ថែម ហើយបន្ទាប់មកអ្នកអភិរក្សត្រចៀកកាំ ត្រូវបំពេញបន្ថែមនូវលក្ខខណ្ឌតម្រូវរបស់គយចិនបន្ថែមទៀត។

ប្រធានសមាគមត្រចៀកកាំខ្មែរ ក៏បានកត់សម្គាល់ឃើញដែរថា មួយរយៈចុងក្រោយនេះ ការ សាងសង់ផ្ទះត្រចៀកកាំ ហាក់មានការស្ងប់ស្ងាត់ ដោយសារបញ្ហាសេដ្ឋកិច្ចផង និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ផង។ ដូច្នេះ ការសាងសង់ផ្ទះត្រចៀកកាំមួយចំនួន ត្រូវបានពន្យាពេល។

គួរឱ្យដឹងថា កាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅនេះ អគ្គនាយកដ្ឋានគយចិន បានជូនដំណឹងដោយអនុញ្ញាតឱ្យប្រទេសកម្ពុជា អាចនាំចូល «សំបុកត្រចៀកកាំ» ដែលបំពេញតាមគ្រប់លក្ខខណ្ឌចូលទៅក្នុងទីផ្សារប្រទេសចិនជាផ្លូវការ។

គយចិន បានតម្រូវថា ចំពោះសំបុកត្រចៀកកាំ ដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំ សម្រាប់បរិភោគទាំងអស់ ដែលត្រូវនាំចេញទៅប្រទេសចិន ត្រូវតែផលិតនៅក្នុងសហគ្រាស ដែលបានចុះឈ្មោះទទួលស្គាល់ដោយភាគីទាំងពីរ ហើយគោរពតាមស្តង់ដាអនាម័យ និងសុវត្ថិភាពអាហារ ក៏ដូចជាត្រូវឆ្លងកាត់ដំណើរការកម្តៅ ដោយសីតុណ្ហភាពមិនតិចជាង ៧០អង្សាសេ និងបន្ថែមកំដៅយ៉ាងហោចណាស់ ៣.៦វិនាទី ដើម្បីសម្លាប់វីរុសជំងឺគ្រុនផ្តាសាយបក្សី៕

អត្ថបទ៖ វីរៈ រូបភាព៖ លោក ស៊ុយ កុកធាន