តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា គិត ម៉េង បន្តប្រតិបត្តិការយ៉ាងរឹងមាំ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ និងពន្ធអាមេរិក ១៩ភាគរយ ក៏ដោយ

តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង បានបន្តប្រតិបត្តិការយ៉ាងរឹងមាំ និងស្ថិរភាព នៅក្នុងឆ្នាំ ២០២៥នេះ បើទោះបីជាប្រទេសកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ និងបើទោះបីជាវិធានការពន្ធគយរបស់អាមេរិកថ្មី ១៩ភាគរយ ក៏ដោយ។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មាន របស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី ១៣ ខែតុលានេះ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៥នេះ តម្លៃនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ គឺមានចំនួនទឹកប្រាក់ ១.៥ពាន់លានដុល្លារ។ តួលេខនេះអាចនឹងកើន លើសពី ២ពាន់លានដុល្លារនៅចុងឆ្នាំ។

ប្រភពដដែល បានឱ្យដឹងបន្តថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ និងចំពេលដែលមានស្ថានភាពតានតឹង តម្លៃនៃការនាំចេញរបស់តំបន់សេដ្ឋកិច្ចនេះ ទៅកាន់ប្រទេសថៃគឺ ១៤៥ លានដុល្លារ ឬ៩.៧២ភាគរយ ហើយទៅកាន់សហរដ្ឋអាមេរិកគឺ ៤២៣លានដុល្លារ ឬ២៨.៤៤ ភាគរយ។

តំបន់សេដ្ឋកិច្ចពិសេស របស់អ្នកឧកញ៉ា គិត ម៉េង ឱ្យដឹងទៀតថា ចាប់តាំងពីចំណុចផ្តើមនៃភាពតានតឹងនៅតាមព្រំដែន និងការអនុវត្តពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក តម្លៃនៃការនាំចេញទៅកាន់ប្រទេសថៃ និងសហរដ្ឋអាមេរិក មិនបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ណាមួយឡើយ។ ចំណែកឯតម្លៃនាំចេញទៅគោលដៅផ្សេងទៀត ដែលរួមបញ្ចូលគ្នាបានឈានដល់ចំណុចខ្ពស់បំផុតមួយ ក្នុងខែកញ្ញា។

តាមសេចក្ដីប្រកាសព័ត៌មាននេះ ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ទីតាំងយុទ្ធសាស្ត្រដ៏មានសក្តានុពល និងការគ្រប់គ្រងដ៏សកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានជំរុញឱ្យមានដំណើរការផលិតកម្ម និងការដឹកជញ្ជូន ដោយមិនមានការរំខានសម្រាប់អ្នកវិនិយោគអន្តរជាតិឡើយ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Royal Group Phnom Penh SEZ PIc. លើកឡើងថា ពេលមានវិបត្តិកើតឡើង មិនមែនជាពេលដែលត្រូវសួរថា “ហេតុអ្វីចាំបាច់ត្រូវជាខ្ញុំ?” នោះទេ។ ប៉ុន្តែវាដល់ពេលវេលា ដែលត្រូវសួរខ្លួនឯងថា “តើអ្វីជាជំហានបន្ទាប់របស់ខ្ញុំ?” ទៅវិញនោះទេ ។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា «ការគិតបែបវិជ្ជមាន គឺមិនមែនការព្រងើយកន្តើយចំពោះបញ្ហានោះទេ ផ្ទុយទៅវិញវាជាការជ្រើសរើសជឿជាក់ ទៅលើអំណាចនៃការឆ្លើយតបរបស់យើង ចំពោះបញ្ហានោះ ដោយមិនមែន ជាការបញ្ចេញត្រឹមតែប្រតិកម្មនោះទេ»៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម