កសិករចិញ្ចឹមជ្រូក ៣៨គ្រួសារ ទទួលបានជំនួយថវិកាជាង ៣ម៉ឺនដុល្លារ សម្រាប់គាំទ្រជាទុនបដិភាគ

កសិករអ្នកចិញ្ចឹមជ្រូកចំនួន ៣៨គ្រួសារ មកពីសហគមន៍កសិកម្មចំណារលើរីកចម្រើន ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលជំនួយឥតសំណងចំនួននូវថវិកា ៣២ ៥០០ដុល្លារ តាមរយៈ គម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមដានជាមួយយើង៖ Million Times

ជំនួយនេះ គឺសម្រាប់គាំទ្រជាទុនបដិភាគ ដល់ការទិញឧបករណ៍សម្ភារៈផលិតកម្មកូនជ្រូក និងជ្រូកសាច់ ដូចជា៖ សម្ភារៈសាងសង់ទ្រុងជ្រូក ម៉ាស៊ីនវ៉ៃកន្ទក់ ម៉ូទ័រហាន់ដើមចេក ម៉ូទ័របូមទឹក សម្ភារៈដាក់ចំណីជ្រូក និងមេ-បាជ្រូក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១២ ខែតុលានេះ។  

ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងបន្តថា តាមរយៈផែនការពង្រឹងសមត្ថភាពផលិតកម្ម និងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ដែលគាំទ្រដោយគម្រោង CASDP សហគមន៍ដែលមានសមាជិកភាគច្រើនជាស្ត្រីនេះ គ្រោងនឹងផលិតកូនជ្រូកយ៉ាងតិច ២ ០០០ក្បាល និងជ្រូកសាច់ជិត ៧ ០០០ ក្បាល ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម បានបន្ថែមថា សហគមន៍ខាងលើនេះ ក៏គ្រោងនឹងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបក្នុងពេលអនាគត ដោយសិក្សាពិនិត្យលទ្ធភាពទិញធាតុចូលរួមគ្នា ផលិតពូជកូនជ្រូករួមគ្នា ដើម្បីផ្គត់ផ្គង់ដល់សមាជិកយកទៅចិញ្ចឹម និងចុះកិច្ចសន្យាតភ្ជាប់ទីផ្សារទុកជាមុន ផងដែរ។

លោក សុខ សុថា ប្រធានសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម មានប្រសាសន៍ប្រាប់ Million Times ដោយរំលឹកថា កន្លងមកសមាគមរបស់លោក ក៏ធ្លាប់បានធ្វើការងារជាមួយកសិករអ្នកចិញ្ចឹមជ្រូកមួយចំនួនដែរ ដោយជួយបណ្ដុះបណ្ដាលលើបច្ចេកទេសចិញ្ចឹមជ្រូក និងការរៀបចំទ្រុង ក៏ដូចជាបានជួយលើការផ្ដល់ទុនបង្វិលជូនពួកគាត់ ដែរ។

ប្រធានសមាគមរូបនេះ កត់សម្គាល់ឃើញថា កសិករអ្នកចិញ្ចឹមជ្រូក បានយកចិត្តទុកដាក់ជាងមុនទៅលើការចិញ្ចឹម បើប្រៀបធៀបនឹង ២០ឆ្នាំមុន ដោយបច្ចុប្បន្នពួកគាត់ចប់ការចិញ្ចឹមមួយវគ្គបន្តទៅមួយវគ្គទៀត ដែលជាលក្ខណៈវិលជុំ។ ចំពោះការផ្ដល់ជំនួយដល់កសិករអ្នកចិញ្ចឹមជ្រូក តាមរយៈតាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) គឺអាចជួយបង្កើនការចិញ្ចឹមជ្រូកកាន់តែច្រើន ហើយក៏នឹងធ្វើឱ្យមានអ្នកចិញ្ចឹមកាន់តែច្រើនដែរ។

លោក សុខ សុថា បន្ថែមថា «បើមានការគាំទ្រជាជំនួយឧបត្ថម្ភពីគម្រោង ឬក៏រាជរដ្ឋាភិបាលបន្ថែមទៀត គឺកាន់តែមានលំនឹង និងនិរន្តភាព ក្នុងការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារ ហើយជាចំណូលរបស់កសិករ សម្រាប់ប្រចាំឆ្នាំ»។

យ៉ាងណាក៏ដោយ អ្នកជំនាញកសិកម្មរូបនេះ លើកឡើងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ពីបញ្ហាទីផ្សារ ដោយធ្វើយ៉ាងណាឱ្យមានទីផ្សារវិលជុំតាមការចិញ្ចឹមពេញមួយឆ្នាំ ដែលនេះជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ប្រជាកសិករ៕

អត្ថបទ៖ វីរៈ រូបភាព៖ ឯកឧត្តម ឃឹម ហ្វីណង់