ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបប្រជុំជាមួយតំណាងពាណិជ្ជកម្មអាមេរិក ពិភាក្សាបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំជាមួយឯកអគ្គរដ្ឋទូត Jamieson GREER ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី ៦ ដល់ ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥។

តាមដានជាមួយយើង៖ Million Times

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាន នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ និងបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្ថែមទៀត។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត។

គួររំលឹកថា កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ ប្រទេសកម្ពុជា ទទួលបានអត្រាពន្ធគយបដិការត្រឹម ១៩ភាគរយ ពោលគឺបានចុះពីអត្រាពន្ធគយបដិការដំបូង ដែលមានរហូតដល់ ៤៩ភាគរយ។ លទ្ធផលនៃការកាត់បន្ថយអត្រាពន្ធគយបដិការនេះ សម្រេចបានបន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញ ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូចំនួន ៧លើក និងជួបផ្ទាល់ចំនួន ៣ជុំ។

ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងកាលពីថ្ងៃទី ១ ខែសីហាថា បើទោះបីជាទទួលបានអត្រាពន្ធ ១៩ភាគរយក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តចរចាបន្ថែមទៀត ដើម្បីឱ្យបានទាបជាងនេះនៅលើទំនិញផ្សេងៗទៀត ដែលជាទំនិញអាទិភាពរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បង្ហាញសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិក នឹងបន្តបញ្ចុះអត្រាពន្ធដល់ប្រទេសកម្ពុជាបន្ថែមទៀត ស្របពេលដែលកម្ពុជាបានសម្រេចយកពន្ធ ០ភាគរយ ពីទំនិញនាំចូលពីសហរដ្ឋអាមេរិកវិញ៕


អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមឯកឧត្តម ស៊ុន ចាន់ថុល