ប្រទេសកម្ពុជា ទំនងជាមិនពឹងផ្អែកខ្លាំងលើវិស័យកាត់ដេរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទេ ក្នុងរយៈពេលវែង ។ នេះជាការលើកឡើងរបស់លោក Anthony Gill នាយកស្ដីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា។


ADB Cambodia បានបង្ហោះឱ្យដឹងនៅថ្ងៃទី ៩ ខែតុលានេះថា លោក Anthony Gill នាយកស្ដីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បាននិយាយថា ក្នុងរយៈពេលវែង កម្ពុជាទំនងជាមិនពឹងផ្អែកខ្លាំងលើវិស័យកាត់ដេរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចទេ បើទោះបីជាវិស័យនេះនឹងនៅតែជាសសរស្ដម្ភដ៏សំខាន់មួយ សម្រាប់កំណើនក៏ដោយ។
លោកលើកឡើងថា «ដើម្បីធានាបាននូវកំណើនប្រកបដោយបរិយាប័ន្ន និងធន់ កម្ពុជា ត្រូវតែពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចការពារសង្គម។ កិច្ចការនេះ អាចធ្វើទៅបានលុះត្រាតែមានការកៀរគរធនធានក្នុងស្រុកកាន់តែមានប្រសិទ្ធភាព»។
កាលពីថ្ងៃទី ៣០ ខែកញ្ញាកន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។
បើតាម ADB ដដែល វិស័យឧស្សាហកម្មនឹងនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចនាំមុខគេ។ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ បានកើនឡើង ២២,២% ឆ្នាំលើឆ្នាំ សម្រាប់ឆមាសទីមួយឆ្នាំ ២០២៥ ដែលមួយផ្នែកបានជំរុញដោយអ្នកទិញរបស់អាមេរិក ដែលបានបង្កើនការទិញទុកជាមុន ដោយក្តីបារម្ភពីការដំឡើងពន្ធលើការនាំចូលផលិតផលពីកម្ពុជា។
ទោះជាមានការប្រុងប្រយ័ត្នពីសំណាក់អ្នកនាំចូលរបស់អាមេរិក ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក៏ដោយ ក៏ផលិតកម្មក្នុងវិស័យកាត់ដេរ និងក្រៅពីវិស័យកាត់ ដេរ ត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដោយសារភាពអំណោយផលនៃការបន្ថយពន្ធគយមក ១៩% របស់អាមេរិកលើការនាំចូលពីកម្ពុជា៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម