អ្នកជំនាញ៖ តម្លៃមាសនឹងហក់ឡើង ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង ដោយសារហេតុផលចម្បងចំនួនពីរ

អ្នកជំនាញទីផ្សារមាស ព្យាករថា តម្លៃមាសនឹងហក់ឡើង ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង នាពេលខាងមុខ ដោយសារតែតម្រូវការទិញលក់មាសតាមប្រព័ន្ធ Gold ETFs កើនឡើង និងដោយសារតម្រូវការទិញមាសស្ដុកទុកពីបណ្ដាធនាគារកណ្ដាលជុំវិញពិភពលោក។

តាមដានជាមួយយើង៖ Million Times

លោក សេក ធារម្យ ប្រធានស្ថាប័នស្រាវជ្រាវ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន BIC Markets បានប្រាប់ Million Times នៅថ្ងៃទី ៨ ខែតុលានេះថា មួយរយៈចុងក្រោយនេះ តម្លៃមាសបានហក់ឡើងដោយបានបំបែកកំណត់ត្រាប្រចាំថ្ងៃជាបន្តបន្ទាប់។ មូលហេតុនាំឱ្យតម្លៃមាសចេះតែកើនឡើងយ៉ាងដូច្នេះ គឺបន្ទាប់ពីមានការបិទទ្វាររដ្ឋាភិបាលសហព័ន្ធ នៅសហរដ្ឋអាមេរិក ដែលធ្វើឱ្យមានការបាត់ទំនុកចិត្តលើការវិនិយោគ ហើយវិនិយោគិនមួយចំនួន បានចាប់យកមាសជាទ្រព្យសុវត្ថិភាព។

បន្ថែមលើនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក កាលពីពេលថ្មីៗនេះ ក៏បានបន្ថែមពន្ធលើផលិតផលឱសថ រថយន្ដធុនធ្ងន់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ដែលការណ៍នេះបានក្លាយជាវិបត្តិនៃការដំឡើងពន្ធជាសកល។

ហេតុផលមួយទៀត ដែលធ្វើឱ្យតម្លៃមាសហក់ឡើងនោះ គឺដោយសារតែភាពមិនប្រាកដប្រជានៃនយោបាយនៅសហគមន៍អឺរ៉ុប ដែលក្នុងនោះប្រទេសបារាំងមានវិបត្តិខ្លាំងជាងគេ ក៏ព្រោះតែនាយករដ្ឋមន្ត្រីប្រទេសនេះបានលាលែងពីតំណែង ហើយការអនុម័តលើកញ្ចប់ថវិកាដើម្បីកុំឱ្យមានវិបត្តិដូចសហរដ្ឋអាមេរិកនោះ ក៏កៀកនឹងមកដល់ដែរ។ ចំណែកឯនៅតំបន់អាស៊ីគឺប្រទេសជប៉ុន ដែលនាយករដ្ឋមន្ត្រីថ្មីប្រទេសនេះ ក៏មិនទាន់មាន​ជាផ្លូវការនៅឡើយដែរ។

ត្រង់ចំណុចនេះ លោក សេក ធារម្យ បានបញ្ជាក់ថា «អញ្ចឹងយើងឃើញថា បញ្ហានយោបាយទៅលើបណ្ដាប្រទេសមានសេដ្ឋកិច្ចធំៗ កំពុងមានភាពវឹកវរ មានដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងជប៉ុនជាដើមនោះ អញ្ចឹងវិនិយោគិនគាត់ចាប់យកមាសជាទ្រព្យសុវត្ថិភាព​ ដើម្បីការពារភាពមិនប្រាកដប្រជានៃការវិនិយោគ»។

អ្នកជំនាញទីផ្សារមាសរូបនេះ បានបន្ថែមថា គិតត្រឹមរសៀលថ្ងៃទី ៨ ខែតុលានេះ មាសមានតម្លៃ ៤ ០៤០ដុល្លារ ក្នុងមួយអោន ឬប្រមាណ ៤ ៨៦៧ដុល្លារ ក្នុងមួយតម្លឹង។ លោកថា បើតាមការព្យាកររបស់ធនាគារធំៗនៅលើពិភពលោក គឺតម្លៃមាសនឹងហក់ឡើង ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង។

លោក សេក ធារម្យ ប្រាប់ថា «មូលហេតុចម្បងដែលអាចធ្វើឱ្យតម្លៃមាសឡើងខ្ពស់ដូចនេះ គឺដោយសារតែទីមួយតម្រូវការទិញលក់មាសតាមប្រព័ន្ធ Gold ETFs បានកើនឡើង ៧៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលចំនួនសរុបជាទឹកលុយនោះគឺ ៤០០ពាន់លានដុល្លារ…ចំណុចមួយទៀតគឺទាក់ទងនឹងតម្រូវការទិញមាសស្ដុកទុក ពីបណ្ដាធនាគារកណ្ដាលជុំវិញពិភពលោក»។

ព័ត៌មានថ្មីៗពីក្រុមប្រឹក្សាមាសពិភពលោក (WGC) បានឱ្យដឹងថា បន្ទាប់ពីមានការផ្អាកទិញមាសក្នុងរយៈពេល ២ ទៅ ៣ខែកន្លងមកនេះ បណ្ដាធនាគារកណ្ដាលជុំវិញពិភពលោក កាល​ពីខែសីហា បានបង្កើនការទិញវិញ ដែលនេះជាមូលហេតុចម្បងធ្វើតម្លៃមាសហក់ឡើងបន្ថែមទៀត។

អ្នកជំនាញទីផ្សារមាសដដែលនេះ បានលើកឡើងថា បច្ចុប្បន្ន ប្រសិនបើប្រជាពលរដ្ឋរូប​ណាទិញមាសទុក ដើម្បីវិនិយោគរយៈពេលវែង គឺនៅមានឱកាសទិញបន្ថែមទៀត ដែលគោលដៅតង់ទីមួយអាចនឹងយកចំណេញនៅក្នុងតម្លៃ ៥ ០០០ដុល្លារ ក្នុងមួយតម្លឹង។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលទិញលក់មាសក្នុងរយៈពេលខ្លីៗ អាចរង់ចាំមាសធ្លាក់ចុះមកវិញបន្តិចសិន ចាំទិញដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន ហើយងាយស្រួលក្នុងការលក់ចេញ៕

អត្ថប​ទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម