ក្រោយសាងសង់រួច កំពង់ផែទេសចរណ៍កំពង់ចាម នឹងដើរតួនាទីតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ

កំពង់ផែទេសចរណ៍កំពង់ចាម ត្រូវបានបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥។

តាមដានជាមួយយើង៖ Million Times

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។

ម្យ៉ាងទៀត គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម ផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា លើកឡើងថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

លើសពីនេះទៀត ក៏ស្របតាមបរិបទ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយនឹងកំណើននៃសក្តានុពលទេសចរណ៍នៅក្នុងខេត្តកំពង់ចាមផងដែរ ដែលទាំងនេះ គឺជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម ធ្វើការសិក្សារៀបចំការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍នៅក្នុងខេត្តនេះ។

កំពង់ផែទេសចរណ៍កំពង់ចាម មានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាងសង់ឡើងនៅលើច្រាំងទន្លេ ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ខែ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ ២០២៦៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន