ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិចំនួន ២ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ប្រហាក់ប្រហែលគ្នា ខណៈនៅសល់ ៣ខែទៀត នឹងដាច់ឆ្នាំ ២០២៥។ ស្ថាប័នហិរញ្ញវត្ថុទាំងនោះ រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
កាលពីថ្ងៃទី ៣០ ខែកញ្ញា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញរបាយការណ៍មួយ ដោយបង្ហាញពីការរក្សាបានរបស់កម្ពុជានូវភាពធន់ផ្នែកសេដ្ឋកិច្ច បើទោះជាបានព្យាករកំណើនទាបជាងមុន។ របាយការណ៍ ADB បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% កាលពីខែមេសា មក ៤,៩% នៅខែកញ្ញា សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ច ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា របាយការណ៍របស់ ADB មានការរំពឹងទុកអំពីកំណើនរឹងមាំដល់ឆ្នាំ ២០២៦ ដែលជំរុញដោយការបន្តលូតលាស់នៃវិស័យឧស្សាហកម្ម និងលំហូរចូលជាបន្តបន្ទាប់នៃការវិនិយោគផ្ទាល់ពីបរទេស។


លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បាននិយាយក្នុងរបាយការណ៍នេះថា សេដ្ឋកិច្ចបានបង្ហាញពីភាពធន់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ។ កំណើនទាបជាងការរំពឹងទុកនៃថ្លៃម្ហូបអាហារ និងការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ បានជួយបន្ទាបអតិផរណា ខណៈដែលសកម្មភាពឧស្សាហកម្មបន្តមានភាពរឹងមាំ។ នាពេលខាងមុខ វាមានឱកាសសម្រាប់ការបន្តងើបឡើងវិញនៃវិស័យសំណង់ និងទេសចរណ៍ ជាមួយនឹងកំណើនជាបន្តបន្ទាប់នៃវិស័យកសិកម្ម ដែលទាំងនេះបង្ហាញពីកំណើនប្រកបដោយតុល្យភាព និងនិរន្តរភាព។
ចំណែកឯមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញការព្យាករថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុងរង្វង់ ៤.៨%។ ការបង្ហាញការព្យាករនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៥ ដែលដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមជំនាញការបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម កាលពីថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២៥កន្លងទៅនេះ។

ក្នុងកិច្ចប្រជុំនេះ លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម បានបង្ហាញពីលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៥ ត្រូវបានព្យាករនឹងសម្រេចបានក្នុង រង្វង់ ៤.៨% ដែលឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពពាណិជ្ជកម្មសកល, ការអនុវត្តអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ស្របពេលដែលមានស្ថានភាពតានតឹងនៅតាមបណ្តោយព្រំដែនគោក កម្ពុជា-ថៃ។
បន្ថែមលើនេះ លោកប្រធានក្រុមបេសកកម្ម បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានឹងបន្តចលនការក្នុងគន្លងនៃ កំណើនរឹងមាំសម្រាប់រយៈពេលមធ្យមខាងមុខ ប៉ុន្តែគឺចាំបាច់ត្រូវជំរុញការអនុវត្តការងារកែទម្រង់ និងគោលនយោបាយមុតស្រួច ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ក្នុងនោះ ការកៀរគរចំណូលនៅតែបន្តជាអាទិភាព ក្នុងការបង្កើនឡើងវិញនូវទ្រនាប់ថវិកាជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញនូវវិធានការអន្តរាគមន៍ចំពោះមុខ និងការបន្តលើកកម្ពស់ផលិតភាព និងសមត្ថភាពពលកម្ម, ការបង្កើនភាពប្រកួតប្រជែង, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយចម្រុះ (mixed policy) រវាងគោលនយោបាយសារពើពន្ធ, គោលនយោបាយរូបិយវត្ថុ, និងការកែទម្រង់ជារចនាសម្ព័ន្ធ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម