ក្រុមហ៊ុនផលិតរថយន្ដដ៏ធំរបស់ប្រទេសចិន BYD បានបង្ហាញការភ្ញាក់ផ្អើលចំពោះល្បឿនអនុវត្តការងារនៅកម្ពុជា ហើយចង់យកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់ នាពេលខាងមុខ។ ការបង្ហាញការភ្ញាក់ផ្អើលនេះ គឺក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដឹកនាំដោយ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ។


គោលបំណងនៃជំនួបនេះ គឺក្រុមហ៊ុន BYD ចង់ជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក, វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រដំឡើងរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រដំឡើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខ។

ក្នុងជំនួបនេះដែរ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD បាននាំយកនូវការកត់សម្គាល់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធ BYD ដែលមានការភ្ញាក់ផ្អើលចំពោះល្បឿននៃការអនុវត្តការងារនៅកម្ពុជា ហើយគ្រោងនឹងយកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគត។
លើសពីនេះទៀត ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រុមហ៊ុន Huawei ក្នុងការរៀបចំសម្របសម្រួលលើបេសកកម្មជំរុញការវិនិយោគ នៅក្នុងវិស័យឧស្សាហកម្មយានយន្ត និងអេឡិចត្រូនិក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងទីក្រុង Shenzhen ប្រទេសចិន នាពេលខាងមុខ។
ចំណែកឯឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញក្ដីរីករាយទៅកាន់គណៈប្រតិភូក្រុមហ៊ុន ចំពោះកំណើនប្រជាប្រិយភាពនៃការប្រើប្រាស់រថយន្តអគ្គិសនី BYD នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំពឹងទុកថា សម្ព័ន្ធ BYD នឹងពាំនាំអំពីគុណសម្បត្តិ និងចំណុចវិជ្ជមាននានាដែលពាក់ព័ន្ធការវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយបន្តទៅកាន់ដៃគូវិនិយោគ និងសហគមធុរកិច្ចរបស់ខ្លួន ផងដែរ។
គួរឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមហ៊ុន BYD CAMBODIA CO., LTD. បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ខ្លួន ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុននេះ គ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។
រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល