ស្របពេលអាកាសយានដ្ឋានអន្ដរជាតិតេជោ គ្រោងនឹងបើកដំណើរការផ្លូវការនៅខែកញ្ញាខាងមុខ ក្រុមហ៊ុនឈានមុខបារាំងចំនួន ៤ នៅតែបន្តដំណើរជាមួយអាកាសយានដ្ឋានអន្តរជាតិថ្មី ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងប្រតិបត្តិការនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។


នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ ស្ថានទូតបារាំប្រចាំកម្ពុជា បានដឹកនាំទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំង និងការិយាល័យសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ទស្សនកិច្ចការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោដោយស្ថានទូតមានសេចក្តីសោមនស្សរីករាយចំពោះការចូលរួមរបស់ក្រុមហ៊ុនបារាំងក្នុងដំណើរការព្រលានយន្តហោះថ្មី។
ស្ថានទូតបារាំងប្រចាំនៅភ្នំពេញ បានឲ្យដឹងថា ក្រុមហ៊ុន ៤ របស់បារាំងបាននឹងកំពុងប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយនឹងបន្តដំណើរការនៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងដំណើរការនាខែកញ្ញាខាងមុខ។

បើតាមស្ថានទូតបារាំង ដោយបំពេញការងារសម្រាប់ប្រទេសកម្ពុជាអស់រយៈពេល៣០ឆ្នាំមកហើយ ក្រុមហ៊ុន Vinci Airports តាមរយៈក្រុមហ៊ុន Cambodia Airportsដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន នឹងបន្តផ្តល់នូវជំនាញនៅព្រលានយន្តហោះថ្មីក្នុងនាមជាប្រតិបត្តិករ។

ក្រុមហ៊ុន LBL International Construction បានចូលរួមក្នុងសំណង់ និងសោភណភាពនៃព្រលានយន្តហោះថ្មី ជាពិសេសតាមរយៈការសាងសង់រចនាសម្ព័ន្ធលោហៈធាតុ១៥០ ០០០ ម៉ែត្រការ៉េ និងការផលិតផ្ទាំងអាលុយមីញ៉ូមលម្អចំនួន២៧០០០ផ្ទាំង។

ក្រុមហ៊ុន Newrest គ្រប់គ្រងទីតាំងប្រមាណ៤០កន្លែងនៅកម្ពុជា រាប់បញ្ចូលទីតាំងនៅព្រលានយន្តហោះធំៗទាំងបី ក៏ដូចជាផ្តល់សេវាកម្មផ្នែកម្ហូបអាហារទ្រង់ទ្រាយធំសម្រាប់អាហារដ្ឋាននៅតាមសាលារៀន ក្រុមហ៊ុន ហើយក៏នឹងបើកអាហារដ្ឋាននៅក្នុងព្រលានយន្តហោះថ្មីផងដែរ។

ក្រុមហ៊ុន Lagardère Travel Retail ទទួលបានកិច្ចព្រមព្រៀងរយៈពេល១២ឆ្នាំសម្រាប់ប្រតិបត្តិការហាងលក់ទំនិញនៅព្រលានយន្តហោះថ្មី និងឆ្លើយតបនឹងតម្រូវការអ្នកធ្វើដំណើរ៕

អត្ថបទ៖ លីហ្សា រូបភាព៖ បណ្តាញសង្គម