ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានកត់សម្គាល់ថា សមិទ្ធផលរយៈពេល១៧ឆ្នាំ នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺបង្ហាញអំពីភាពរស់រវើកនៃទំនាក់ទំនងកម្ពុជា-ចិន និងកាន់តែស៊ីជម្រៅ ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ លោកថា តំបន់សេដ្ឋកិច្ចពិសេសនេះ បានក្លាយជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ និងក្លាយជា «ចានបាយមាស» សម្រាប់ប្រជាជនខិតខំប្រឹងប្រែង នៃខេត្តព្រះសីហនុ។


ក្នុងពិធីអបអរសាទរ នៃការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ីន បានលើកឡើងថា រហូតមកដល់សព្វថ្ងៃនេះ តំបន់សេដ្ឋកិច្ចពិសេសបានទាក់ទាញសហគ្រាស (ស្ថាប័ន) ចំនួន២០២ ដែលមកពីប្រទេស និងតំបន់នានាដូចជា ចិន អឺរ៉ុប អាមេរិក និងអាស៊ីអាគ្នេយ៍ជាដើម។
លោកបន្តថា ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្មើនឹងប្រមាណ ៧០% នៃចំនួនសហគ្រាសសរុបនៅក្នុងខេត្តព្រះសីហនុ ហើយបានបង្កើតការងារចំនួន ៣២ ០០០ ហើយទំហំនាំចូល និងនាំចេញសរុប មានច្រើនជាង ៧% នៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់ប្រទេសកម្ពុជា និងបានក្លាយជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ និងក្លាយជា «ចានបាយមាស» សម្រាប់ប្រជាជនខិតខំប្រឹងប្រែង នៃខេត្តព្រះសីហនុ។

លោកបានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានប្រធានាធិបតី Xi Jinping សរសើរថាជា «គំរូ នៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា»។ ចាប់តាំងពីការបង្កើតឡើង ពឹងផ្អែកលើការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់មេដឹកនាំចិន និងកម្ពុជា ពឹងផ្អែកលើការគាំទ្រដ៏រឹងមាំរបស់រដ្ឋាភិបាលខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ ពឹងផ្អែកលើបរិស្ថាន ពាណិជ្ជកម្មកាន់តែប្រសើរឡើងៗជាបន្តបន្ទាប់ ដោយមានការដឹកនាំរបស់សម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត និងបានប្រែក្លាយពីព្រៃភ្នំមួយ ទៅជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដ៏រស់រវើក។
លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងដែរថា អំឡុងពេលប្រធានាធិបតីចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា បានសេចក្តីថ្លែងការណ៍រួមដែលចេញដោយភាគីទាំងពីរបានបញ្ជាក់ថា «ប្រទេសចិនមានឆន្ទៈបន្តគាំទ្រការអភិវឌ្ឍ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្តោតលើចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាងតំបន់គំរូសេដ្ឋកិច្ចពហុមុខងារនៅខេត្តព្រះសីហនុ និងលើកទឹកចិត្តក្រុមហ៊ុនចិនដែលមានសមត្ថភាពកាន់តែច្រើនទៀត មកដាក់ការវិនិយោគទុននៅប្រទេសកម្ពុជា»៕
អត្ថបទ៖ លីណូ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី