៥៩ គម្រោងវិនិយោគ មានទំហំទុន ៨៦០លានដុល្លារអាម៉េរិក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តក្នុងខែមេសា ឆ្នាំ២០២៥

ក្នុងខែមេសា ឆ្នាំ២០២៥ មានគម្រោងវិនិយោគចំនួន ៥៩គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ ៨៦០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ។ 

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ CDC បានឲ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។

ជារួម បើតាម CDC ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣.៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើនឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម